ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រកាសថា អាមេរិចនឹងផ្ដល់ថវិកាបន្ថែមចំនួន ១០២លានដុល្លារ ដើម្បីគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយនឹងបន្តតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ។
បើតាមលោក ចូ បៃឌិន ជំនួយផ្នែកហិរញ្ញវត្ថុនេះ មានគោលបំណងជួយតំបន់នេះឲ្យងើបឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩ និងដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងចំណោមបញ្ហាផ្សេងៗទៀត ខណៈដែលអាមេរិកនឹងបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១ ពាន់លានដូស នៅពេលខាងមុខផងដែរ។
លោកបាននិយាយថា “ភាពជាដៃគូរបស់យើងមានសារៈសំខាន់ក្នុងការរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នារបស់យើង អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ” ។
ទន្ទឹមនោះ លោក បៃដិន បានជំរុញឲ្យអាស៊ានបង្កើនតម្លៃរួម និងចក្ខុវិស័យរួមរបស់យើងសម្រាប់តំបន់មួយ ដែលគ្រប់ប្រទេសទាំងអស់អាចប្រកួតប្រជែង និងទទួលបានជោគជ័យនៅលើទីលានប្រកួតមួយកម្រិត ហើយគ្រប់ជាតិសាសន៍ទាំងអស់ មិនថាធំ ឬខ្លាំងយ៉ាងណាក៏ដោយ ត្រូវតែគោរពតាមច្បាប់”៕