កិច្ចប្រជុំកំពូលអាស៊ានលើកនេះ នឹងមានការប្រជុំចំនួន ១០ គឺ ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ និងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤។
បន្ថែមលើនេះ មេដឹកនាំអាស៊ានក៏នឹងមាន កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី។ នេះបើតាមក្រសួងការបរទេសកម្ពុជា។
សូមរម្លឹកថា កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំនេះប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ ដោយបានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារ ទី២៦ ដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលានេះ តាមរយៈប្រព័ន្ធអនឡាញ។ អ្វីដែលជាការកត់សម្គាល់គឺថា មេដឹកនាំប្រទេសសមាជិកទាំងអស់បានចូលរួមកិច្ចប្រជុំដ៏សំខាន់ប្រចាំតំបន់នេះ ប៉ុន្តែមិនវត្តមានថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ាចូលរួមឡើយ។
បើតាមក្រសួងការបរទេស នៅថ្ងៃទី២៨ នេះ ជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយសម្តេចតេជោ ហ៊ុន សែន នឹងឡើងធ្វើបទអន្តរាគមន៍នៅក្នុងពិធីបិទអង្គប្រជុំ បន្ទាប់ពីមេដឹកនាំប្រទេសព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនមកប្រទេសកម្ពុជា៕