លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ចំនួន ៩ជុំរួចមកហើយ ក្នុងការទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពប្រាក់ចំណូលរបស់កម្មករនិយោជិត។
លោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩ នឹងបន្តប៉ះពាល់ ស្ទើរតែទូទាំងពិភពលោកហើយត្រូវបានគេចាត់ទុកជំងឺនេះ ជាបញ្ហាធំមួយដែលធ្វើឱ្យពិភពលោកខ្វល់ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាលភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម និងបានបន្តរហូតមកដល់ពេលនេះ។
បើតាមលោករដ្ឋមន្ត្រី សម្រាប់វិស័យការងារ ក៏បានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឱ្យរោងចក្រ សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ តាមគោលដៅដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអាចព្យួរកិច្ចសន្យាការងារ ដោយកម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ ខណៈនិយោជកក៏ទទួលបាននូវការអនុគ្រោះចំពោះកាតព្វកិច្ចមួយចំនួនដូចជា ការលើកលែងបង់ភាគទានរបបសន្តិសុខសង្គមជាដើម។