មុខរបរចិញ្ចឹមគោរកចំណូលបានច្រើន ខណៈក៏មានតម្រូវការខ្ពស់នៅលើទីផ្សារ។ នៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ការចិញ្ចឹមគោ គឺជាមុខរបរបន្ថែមដែលអាចរកចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ ក្រៅពីមុខរបរធ្វើស្រែចម្ការតពីដូនតាមក។
លោក លាង សុភាព ក្នុងចំណោមកសិករជាច្រើននាក់ទៀត ដែលប្រកបរបរចិញ្ចឹមគោលក់ បានប្រាប់ឧកញ៉ាញូស៍ថា របរនេះត្បិតមានភាពនឿយហត់ តែវាទទួលបានចំណូលច្រើនគួរសមដោយ មិនចាំបាច់ទៅធ្វើការឆ្ងាយនោះទេ ។ ចំណូលអាចរកបានប្រមាណជាង ១ ពាន់ដុល្លារ ក្នុងមួយខែ ឬ ចន្លោះមួយម៉ឺន ទៅពីរម៉ឺន ដុល្លារ ពីមុខរបរចិញ្ចឹមគោបំប៉នយកសាច់នេះ ។
បើតាមកសិកររូបនេះ មុខរបរចិញ្ចឹមគោមាន ពីរយ៉ាងគឺ ចិញ្ចឹមគោបំប៉នយកសាច់ មានន័យថា គេយកគោវ័យជំទង់ មាឌតូច ស្គម ឬអសមត្ថភាពបន្តពូជយកទៅឲ្យសុីចំណី ដែលមានសមាសធាតុផ្សំគុណភាពខ្ពស់ ងាយដល់ការលូតលាស់ធំធាត់ដោយប្រើរយៈពេលខ្លី។ មួយទៀត ចិញ្ចឹមគោយកកូនគឺការចិញ្ចឹមផ្ដោតទៅលើការបង្កាត់ពូជគោ ការរក្សារទុកពូជគោ និងការបង្កើនចំនួនគោ។
ចំពោះការការចិញ្ចឹមគោយកសាច់ ត្រូវការពេលវេលា ថែទាំ យ៉ាងច្រើន ៣ ខែប៉ុណ្ណោះ ហើយសត្វគោទាំងនោះត្រូវបានលក់ទៅទីកន្លែងសត្តឃាតនៅក្នុងខេត្តកំពត ឬភ្នំពេញ ដែលតម្លៃគោរលក់ចេញ ១៤ ៥០០រៀល ក្នុងមួយគីឡូក្រាម និងពេលទិញចូលតម្លៃ ១៣ ៨០០រៀល ក្នុងមួយគីឡូក្រាម ។
អ្នកស្រុកកំពតរូបនេះបានបន្ថែមទៀតថា សត្វគោមានភាពងាយស្រួលចិញ្ចឹម ជាងសត្វផ្សេងទៀត ព្រោះវាមិនសូវឈឺដូចជាជ្រូក ឬមាន់នោះទេ។ ដើម្បីចិញ្ចឹមគោបានល្អពេលទិញមកដំបូង ត្រូវទុកវាដាច់ដោយឡែកក្នុងរោងផ្ស៊ាំវា ចំនួន ១៥ ថ្ងៃសិន។ បន្ទាប់មកត្រូវចាក់ថ្នាំឲ្យវាដូចជា Vitamin B Complex បានមួយអាទិត្យត្រូវចាក់ អាយវ៉ាមិច និង ចាក់ថ្នាំ Vaccination ផ្សេងៗទៀត។
ចំណែកស្មៅវិញគឺដាំស្មៅប្រភេទ King Grass ព្រោះ វាជាស្មៅងាយស្រួលដាំ ងាយលូតលាស់ និងស្រួលកាត់។ ការចិញ្ចឹមគោបំប៉នយកសាច់ មិនពិបាកនោះទេ គ្រាន់តែចេះដាំស្មៅ និងលាយចំណីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឲ្យ វាស៊ីជាការស្រេច។ រីឯការដាំស្មៅទៀតសោត ក៏មិនជាការលំបាកដែរ គឺគ្រាន់រកដីទួលមិនលិចទឹក និងត្រូវមានទឹកស្រោចជាប្រចាំប៉ុណ្ណោះ។ ស្មៅដាំតែម្តង កាត់បានរហូត ហើយបើដាំស្មៅបានច្រើន ក៏មិនសូវប្រើចំណីបន្ថែមដែរ។ ចំពោះចំណីក៏រាល់ថ្ងៃវិញ គឺឲ្យគោស៊ីដែលស្មៅដែលដាំបានហើយ ត្រូវលាយជាមួយចំណីសម្រេច កាកសំណល់ពីការផលិតស្រាបៀរ និងដំឡូងមី ដើម្បីឲ្យគោលូតលាស់បានល្អ និងឆាប់បានលក់។ លោក លាង សុភាព បន្ថែម។
មានសក្កានុពល ហើយមានការរីចម្រើនយ៉ាងរហ័ស កសិករខ្មែរអាចរកជំណូលបានច្រើន ការចិញ្ចឹមគោយកសាច់ មានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្លៃសាច់គោក៏ខ្ពស់ជាងសាច់ជ្រូក មាន់ ទារផងដែរ។
ដោយមើលឃើញការងារចិញ្ចឹមគោអាចរកចំណូលបានច្រើន លោកលាង សុភាព បានឲ្យដឹងថា មានពលរដ្ឋមួយចំនួនដែលធ្លាប់ទៅធ្វើជាពលករនៅប្រទេសក្រៅដូចជា កូរ៉េ ជប៉ុន ថៃ ជាដើម ក្រោយពីត្រឡប់មកវិញបានបោះទុនលើការចិញ្ចឹមគោជាលក្ខណៈគ្រួសារ និងមានជាកសិដ្ឋានផ្ទាល់ខ្លួន។ កសិករខ្លះផ្តើមចេញពីការចិញ្ចឹមគោពីរបីក្បាល រហូតដល់មានគោក្នុងក្រោលរាប់សិបក្បាល ហើយបានលក់ចេញស្ទើររាល់ខែ។
ការចិញ្ចឹមគោនេះដែរ ក៏ទទួលបានការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសពីមន្ត្រីជំនាញកសិកម្មដូចជាការធ្វើអនាម័យ ការចាក់ថ្នាំការពារស្របតាមប្រក្រតិទិន ធ្វើការទម្លាក់ព្រូន និងការបង្កើនការដាំស្មៅដំណាំចំណីសត្វ ដើម្បីបង្កើនគុណភាពសាច់ផងដែរ ។
កសិករឡេង សុភាព បានបន្តថា ដោយសារតែមុខរបរចិញ្ចឹមគោបានធ្វើឱ្យជីវភាពគ្រួសារជាច្រើនមានភាពប្រសើរជាងមុន ហើយអ្នកភូមិបាននាំគ្នាចិញ្ចឹមគោ ក្លាយជាមុខរបរដ៏សំខាន់សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃបន្ថែមពីលើមុខរបរធ្វើស្រែចម្ការ៕