រាជរដ្ឋាភិបាល សម្រេចបើកសង្គម សេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ០២ឆ្នាំ កន្លងមកនេះ។
ថ្លែងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចាប់ពី ០៦ ឆ្នាំឡើង និងប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ ១៩ ដល់កុមារអាយុ ០៥ ឆ្នាំ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ស្របពេលដែលគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ បានបើកដំណើរការនៅថ្ងៃនេះជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ថ្ងៃនេះ យើងក៏ដូចជាចាប់ផ្តើមនូវការបើកប្រទេសឡើងវិញ បើទោះបីថាយុទ្ធសាស្ត្រទាក់ទងនឹងការរៀបចំដំណើរការនៃការបើកប្រទេសនេះ ត្រូវបានទាក់ទិនជាមួយនឹងការអភិវឌ្ឍសង្គមរបស់យើង យើងនឹងដាក់បន្ថែមនៅពេលក្រោយ។
បើតាមសម្តេចតេជោ កម្ពុជាបានធ្វើការសាកល្បងរួចមកហើយ កាលពីក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ទាក់ទិននឹងការសាកល្បងដ៏ធំ ហើយបន្ទាប់ពីការសាកល្បងនេះ ក៏អាចឱ្យមានការវាយតម្លៃបាន ថាតើគួរតែទៅមុខឬទៅក្រោយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលាម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានជាង ១០លាន រួចហើយ គឺស្មើនឹងជាង ១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង៕