លោក សុខ ចិន្តាសោភា៖ ការកសាងសេដ្ឋកិច្ចឡើងវិញ ច្បាប់វិនិយោគថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីនេះ នឹងជាយុទ្ធសាស្រ្តដ៏មុតស្រួច ក្នុងការបង្ហាញពីកាលានុវត្តភាពនៅកម្ពុជាសំដៅស្រូបទាញការវិនិយោគ ប្រកបដោយគុណភាពបន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ ចិន្តាសោភា លើកឡើងដូច្នេះក្នុងពេលដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ម្សិលមិញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីច្បាប់ស្តីពី វិនិយោគនៃកម្ពុជាថ្មី ជូនដល់ស្ថានតំណាងកម្ពុជានៅបរទេស ដើម្បីផ្សព្វផ្សាយបន្ស៊ីគ្នា រវាងការជំរុញការវិនិយោគ និងការអនុវត្តយុទ្ធសាស្ត្រការទូត សំដៅទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសបង្កើនផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ព្រមទាំងពង្រឹងការតភ្ជាប់ឧស្សាហកម្ម កម្ពុជាទៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្នុងតំបន់និងសកលលោក។

បើតាមលោក សុខ ចិន្តាសោភា ក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ ច្បាស់ណាស់ច្បាប់វិនិយោគថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់មួយ ស្ដីពី ការវិនិយោគ ហើយនិងមានច្បាប់មួយទៀត ទើបតែអនុម័តគឺច្បាប់ ស្ដីពី ភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ច្បាប់នេះបង្កើត នូវក្របខ័ណ្ឌគតិយុត្តមួយ ដើម្បីផ្ដល់លទ្ធភាពឲ្យវិស័យឯកជនចូល រួមជាមេរដ្ឋក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា៖ ផ្លូវថ្នល់ កំពង់ផែ ប្រព័ន្ធចែកចាយភ្លើង សាលារៀន មន្ទីរពេទ្យជាដើម។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា៖ ដើម្បីដើរទៅមុខយើងកសាងហេដ្ឋារចនាសម្ព័ន្ធច្រើនហើយ ប៉ុន្តែយើងត្រូវការច្រើនជាងនេះទៀត ដូច្នេះថវិការដ្ឋ មិនគ្រប់យើងបើកឲ្យដៃគូឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីវិនិយោគតាមរយៈច្បាប់វិនិយោគថ្មី និងច្បាប់ ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលច្បាប់នេះសុទ្ធតែបង្កើត នូវបរិយាកាសមួយអំណោយផលឲ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកមកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។

គួររម្លឹកឡើងវិញដែរថា ច្បាប់ស្តីពី វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ ២០១៥ មកម្លេះ ដោយមាន ៤២មាត្រា សំដៅការទាក់ទាញ និងជំរុញការវិនិយោគនៅកម្ពុជា ឲ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕