បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៩ខែគិតពីខែមករាដល់ខែកញ្ញា ២០២១ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៣៤ គម្រោង គិតជាទុនវិនិយោគមានជាង ៣.៣ ពាន់លានដុល្លារអាមេរិក ខណៈរយៈពេលដូចគ្នាឆ្នាំ២០២០មានចំនួន ១៨៨ គ្រោងមានទុនវិនិយោគសរុប ជាង ៦.៤ ពាន់លានដុល្លារគឺមានការថយចុះប្រមាណជាង ៣ ពាន់លានដុល្លារ។
របាយការណ៍ដដែលបានបង្ហាញថា ៩ ខែឆ្នាំ២០២១នេះការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០១គម្រោង សរុបទុនវិនិយោគ ១.៤ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣ គម្រោងសរុបទុនវិនិយោគ ១.៩ពាន់លានដុល្លារ។ គម្រោងវិនិយោគនេះផ្តោតលើវិស័យមួយចំនួនដូចជាវិស័យកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១២គម្រោង,ឧស្សាហកម្មមានចំនួន ១១១ គម្រោង ទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមានចំនួន៩គម្រោង។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែល គម្រោងវិនិយោគទាំំង ១៣៤ គម្រោងភាគច្រើនផ្តោតលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបង្គុំអគ្គិសនី ទោចក្រយានយន្ត រោងចក្រដំឡើងទោចក្រយានយន្តដើរដោយថាមពលអគ្គិសនី រោងចក្រផលិតអគ្គិសនីដើរ ថាមពល ព្រះអាទិត្យ និងធ្យូង ថ្ម រោងចក្រកែច្នៃផលិតផលកសិកម្ម សណ្ឋាគារ និងរោងចក្រផលិតផលិតផលប្រើប្រាស់ផ្សេងៗទៀត ។ គម្រោងទាំងនេះភាគច្រើនមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និង កំពង់ឆ្នាំងជាដើម។
គួរបញ្ជាក់ថា កម្ពុជាបានដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគថ្មី សំដៅការទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឲ្យមាន គុណភាព ប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ច្បាប់វិនិយោគថ្មីនេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាននិងប្រកបដោយភាពអំណោយផលដែលអាចទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឲ្យមានគុណ ភាព ប្រសិទ្ធភាព ប្រសិទ្ធផល សំដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕