លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិកម្ពុជា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្រ្ដាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ចចំនួនពីរថ្ងៃលើទឹកដៃកម្ពុជានេះ លោកស្រី នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ព្រមទាំងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២របស់កម្ពុជាផងដែរ។
បន្ថែមលើនេះ លោកស្រីក៏នឹងទៅទស្សនាអង្គការកម្ពុជា ដើម្បីជួយស្រ្ដីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី៕