នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ស៊ីណាត និងស្វាមី ព្រមទាំងក្រុមគ្រួសារ បាននាំយកអំណោយជាស្បៀងអាហារបំរុងជាច្រើន ដែលជាសទ្ធាជ្រះថ្លានៃការចូលរួមដោយឧកញ៉ាៗ ចំនួន ៣រូប ផ្ដល់ជូនដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ។
អំណោយសប្បុរធម៌ដែល លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ផ្ដល់ជូនដល់អភិបាលខេត្តកំពតរួមមាន៖ អង្ករ ចំនួន ២០តោន ត្រីខ ចំនួន ១០០កេស មី ចំនួន ១០០កេស និងទឹកស៊ីអ៊ីវ ចំនួន ៥៥យួរ។ ស្បៀងអាហារបំរុង ដែល លោកជំទាវ នាំយកមកជូនលោកអភិបាលខេត្តកំពត គឺជាការចូលរួមពីសំណាក់ឧកញ៉ាទាំង ៣រូប គឺឧកញ៉ា នួន អក, ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងឧកញ៉ា ម៉េន កានី។
ទទួលជួបសំណេះសំណាល និងទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្ដៅជាមួយ សប្បុរសជនដែលបាន ចូលរួមផ្ដល់ស្បៀងជូនរដ្ឋបាលខេត្ត សម្រាប់ប្រេីប្រាស់ ចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ អភិបាលខេត្តកំពត ឯកឧត្ដម ម៉ៅ ធនិន ក៏បានថ្លែងអំណរគុណជាអនេក ដល់សប្បុរសជន លោកឧកញ៉ាៗ ចិត្តធម៌ទាំង៣រូប ជាពិសេស លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំយកមកជូនដោយផ្ទាល់។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន ត្រូវបានរាជរដ្ឋាភិបាល ផ្លាស់តួនាទីពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មកកាន់រដ្ឋបាលខេត្តកំពត ឃើញថាមានសប្បុរសជន អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមុខអ្នកការ ជាច្រើនជាបន្តបន្ទាប់ បានដឹកនាំយកអំណោយជាស្បៀងអាហារ និងថវិកា ហូរហែមិនដែលដាច់ ជូនដល់លោកអភិបាលខេត្ត រហ័សនាមលោកម្ចាស់ ប៉ាវចិន ខ្មែរ ដើម្បីបន្តកិច្ចការងារជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ៕