Angkor Daily Foods ដែលគេស្គាល់តាមរយៈការផលិតផលភេសជ្ជៈ Champion ICE, Red Ant, និង Missile ជាក្រុមហ៊ុនក្នុងស្រុកដែលមានជំនាញខាងផលិតផលអាហារហាឡាល សម្រាប់អ្នកកាន់សាសនាឥស្លាម។
ចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៧ ក្រៅពីជំនាញខាងផលិតភេសជ្ជៈប៉ូវកម្លាំង ក្រុមហ៊ុនវិនិយោគក្នុងស្រុកនេះទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នជាតិ និង អន្តរជាតិ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។

លោកស្រី សុខ សុភាព អគ្គនាយិកា ក្រុមមហ៊ុនអង្គរដេលីហ៊្វូដ ខូអិលធីឌីបានថ្លែងថា ក្រុមហ៊ុនអង្គរដេលីហ៊្វូដ ខូអិលធីឌី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈប៉ូវកម្លាំង បច្ចុប្បន្នក្រុមហ៊ុនមានផលិតភេសជ្ជៈដូចជា Champion ICE, Red Ant, និង Missile និងមានទីតាំងរោងចក្រផលិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយក្រុមហ៊ុនអនុវត្តស្តង់ដាហាឡាល និងទទួលបានវិញ្ញាបនបត្រហាឡាល បានធ្វើឲ្យអតិថិជនទាំងថ្នាក់ជាតិ និងអន្តរជាតិ មានការគាំទ្រកាន់តែច្រើនឡើង ជាពិសេសបងប្អូនជនជាតិអ៉ីស្លាម។
កាលពីពេលថ្មីៗនេះ ឧកញ៉ា អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា បានដឹកនាំប្រតិភូធ្វើទស្សនៈកិច្ចពិនិត្យខ្សែ ច្រវ៉ាក់ផលិតកម្មផលិតផលហាឡាល នៅក្រុមហ៊ុន Angkor Daily Foods Co., Ltd។


ឧកញ៉ាដែលមានតួនាទីជាទេសរដ្ឋមន្រ្តីផងនោះ បានជំរុញលើកទឹកចិត្តដល់រោងចក្រសហគ្រាសដែលបានចុះបញ្ជីប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជា ឲ្យអនុវត្តការផលិតកាន់តែប្រសើរ និងកាន់តែច្រើនឡើង ដើម្បីជួយជំរុញលើកទឹកចិត្តឲ្យរោងចក្រសហគ្រាសដទៃទៀត ទទួលយកការប្រើប្រាស់ស្តង់ដារហាឡាល សំដៅការផ្គត់ផ្គង់ក្នុងទីផ្សារជាតិ និងអន្តរជាតិកាន់តែខ្លាំងឡើង។
បើតាមលោកទេសរដ្ឋមន្ដ្រី ផលិតផលហាឡាលមិនសំដៅសម្រាប់តែតម្រូវការចាំបាច់របស់អ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ផលិតផលហាទ្បាល គឺមានទំហំធំធេងបើធៀបនឹងចំនួនប្រជាជនមុស្លិមលើសកលលោក ដែលមានអ្នកកាន់សាសនាឥស្លាមស្មើនឹង១ភាគ៣ឯណោះ៕