ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានលេខាធិការដ្ឋាននៃក្រុមការងារគោលនយោបាយរដ្ឋាភិបាលឌីជីថល ផ្តល់អនុសាសន៍ឲ្យមានប្រព័ន្ធព័ត៌មានឌីជីថល បីជាសំខាន់ ខណៈក្រសួងកសិកម្មចូលរួមពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ដែលដឹកនាំដោយក្រសួងប្រៃស ណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។
យោងតាមរបាយការណ៍ស្តីពីការសិក្សាអំពីស្ថានភាពរដ្ឋាភិបាលឌីជីថលកម្ពុជា របស់លេខាធិការដ្ឋាននៃក្រុមការងារគោលនយោបាយរដ្ឋាភិបាលឌីជីថល បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមានប្រព័ន្ធព័ត៌មានឌីជីថល បីជាសំខាន់ក្នុងនេះរួមមាន៖ ១ ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស ក្នុងការគ្រប់គ្រងមន្រ្តីរាជការ ស្របពេលបច្ចុប្បន្នក្រសួងបាននិងកំពុងដំណើរការរួចហើយ, ២ កម្មវិធីទូរស័ព្ទដៃសម្រាប់ទីផ្សារកសិកម្មកម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ដែលពេលបច្ចុប្បន្នបាននិងកំពុងដាក់ឲ្យដំណើរការតាមប្រព័ន្ធ App ដែលមានឈ្មោះថា CamAgriMarket និង Angkor Salad និងទី៣ ប្រព័ន្ធត្រួតពិនិត្យនិងរក្សាទុកទិន្នន័យកសិកម្ម សម្រាប់គ្រប់គ្រងព័ត៌មានផលិតផលកសិកម្ម និងការសម្របសម្រួលតម្លៃ បច្ចុប្បន្នកំពុងធ្វើការកែលម្អ។
ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២០-២០៣៥ បានគូសបញ្ជាក់បន្ថែមនៅក្នុងសកម្មភាពអាទិភាពជាយុទ្ធសាស្រ្តក្នុងការធ្វើបរិវត្តកម្មឌីជីថលរដ្ឋាភិបាលនិងសាធារណៈ ក្នុងនេះរួមមាន៖ ការរៀបចំថ្នាលទិន្នន័យរូបភាពពីផ្កាយរណប ដូន(Drone) និងឧបករណ៍ផ្សេងៗ ដើម្បីចែករំលែកទិន្នន័យជូន ក្រសួងស្ថាប័ន សម្រាប់ទាញយក វិភាគ និងធ្វើចំណាត់ថ្នាក់ទិន្នន័យ លើវិស័យកសិកម្ម ធនធានទឹក បរិស្ថាន ការប្រើប្រាស់ដីធ្លី សំដៅបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំគោលនយោបាយ និងអនុវត្តសកម្មភាពការងារ។
ជាមួយគ្នានោះ ការរៀបចំនិងកែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មានកសិកម្ម ដូចជាវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម បច្ចេកទេសផលិតកម្ម កសិកម្ម ស្ថានភាពដំណាំ អាកាសធាតុ ទីផ្សារ និងព័ត៌មានចាំបាច់ផ្សេងទៀត សំដៅរួមចំណែកជួយបង្កើនទិន្នផល កសិកម្មប្រកបដោយគុណភាពនិងសុវត្ថិភាព ក៏ដូចជាជួយសម្រួលដល់ការវិនិយោគ ការស្វែងរកទីផ្សារ និង ការនាំចេញផលិតផលកសិកម្ម៕