ជាផ្សារទំនើបធំបំផុតដំបូងនៅតាមបណ្តោយផ្លូវវេងស្រេង ផ្សារទំនើប ខេ ម៉ល បានក្លាយជាកន្លែងកម្សាន្តថ្មីសម្រាប់អ្នកដែលត្រូវការដើរទិញទំនិញ ជាមួយការរៀបចំបរិយាកាសក្នុងទីធ្លាផ្សារដ៏ធំទូលាយពោរពេញដោយធម្មជាតិបៃតង។
ឃើញថាទើបតែបើកសាកល្បងបានប៉ុន្មានថ្ងៃនេះ មានអតិថិជនយ៉ាងកុះករ បានចូលទៅទិញទំនិញ ខណៈផ្សារទំនើបថ្មីសន្លាងនេះក៏សំបូរហាងទំនិញទាំងតូចទាំងធំ ហើយក៏មានលក់ប្រូម៉ូតបញ្ចុះតម្លៃសម្រាប់ការបើកដំណើរការថ្មីថ្មោង។










ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង ជាតំបន់កកកុញ ហើយដែលគេស្គាល់ជាប្លុករោងចក្រ។ គោលដៅនៃផ្សារទំនើបនេះគឺស្រូបទាញអតិថិជនជាងកន្លះលានដែលរស់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។
អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ។
ប្រជាជនដែលរស់នៅជុំវិញ និងអ្នកដែលធ្វើដំណើរកាត់តំបន់នេះ នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងទំនិញ កាហ្វេ និងភោជនីយដ្ឋានល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ផ្សារទំនើប ឡាក់គី (Lucky Supermarket) រោងភាពយន្ត លេជេន (Legend Cinema) ហាងសម្ភារៈកីឡា Decathlon ហាងកាហ្វេ ប្រោន (Brown Coffee) ហាងសម្លៀកបំពាក់ Ten11 និង Zando ហាង Daiso ហាងនំបុ័ង Tous les Jours ហាងស្បែកជើង Nata Footwear ភោជនីយដ្ឋាន Santa Fe និង Pho City ហាង Potato Corner រោងអាហារ The Ground Food Market និងហាងជាច្រើនផ្សេងទៀត។