ធ្វើបុណ្យចែកទានជាង ២០ឆ្នាំ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ត្រូវលោកជំទាវ ហ៊ុន ស៊ីណាត លើកសរសើរគួរឱ្យជ្រះថ្លា

សង្គម​ និង​សេដ្ឋកិច្ច

សកម្មភាពធ្វើបុណ្យចែកទាន ជួយអ្នកខ្វះខាត ការរក្សាចិត្តជាសប្បុរស ត្រេកអរនឹងការធ្វើបុណ្យ ក៏ដូចជាដឹកនាំពុទ្ធបរិស័ទ ឱ្យមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចេះចែករំលែកនូវធនធានដែលមាន ជួយដល់អ្នកខ្វះខាត ចាស់ជរា ជនពិកា និងមន្ទីរពេទ្យគន្ធបុប្ផា គិតមកទល់ពេលនេះ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានលះបង់ពេលវេលាជាង ២០ឆ្នាំ ធ្វើអំពើល្អជាគំរូនេះ ហើយក៏កំពុងបន្តធ្វើជាទម្លាប់មិនដែលខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែថ្ងៃនេះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏មានសទ្ធាជ្រះថ្លា ទ្រាំមិនសរសើរមិនបាន ចូលទៅខមមិន (comment) ចំៗលើបណ្ដាញសង្គមរបស់ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត លើកម្រងរូបភាពសកម្មភាពសប្បុរធម៌របស់ព្រះតេជគុណ។ ជាការអរគុណព្រះគុណ និងលើកទឹកព្រះទ័យដល់ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ផងនោះ លោកជំទាវ មានប្រសាសន៍តាមបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ “សូមឱ្យព្រះអង្គមានជន្មាយុរយព្រះវស្សា ធ្លាប់ជួបញឹកញាប់ ធ្លាប់ជួបញឹកញាប់ ក្នុងការចុះជួយពលរដ្ឋមានការខ្វះខាតក្នុងកាលៈទេសៈកូវីដនេះ”។

សារសរសើរ និងលើកទឹកចិត្តដ៏ខ្លីរបស់ថ្នាក់ដឹកនាំ លោកជំទាវ ហ៊ុន ស៊ីណាត រឹតតែធ្វើឱ្យព្រះតេជគុណ សុវណ្ណមុនីរ៉េត កាន់តែជ្រះថ្លា

ព្រះតេជគុណ មានសង្ឃដីកាថា៖ “ដោយក្តីគោរពស្រលាញ់(គុណូបក្ការ:គុណ) ខ្ញុំព្រះករុណា នី សុវណ្ណមុនីរ៉េត ជាសមាជិកកុដិលេខ២៤ វត្តនាគវ័ន សូមថ្លែងអំណរគុណជូនចំពោះញោមម៉ែ គឺលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានចូលទៅខមមិន(comment)(ដូចមាននៅក្នុងរូបថត) ប្រគេនពរលោកកូន និងលើកទឹកព្រះទ័យកូន ក្នុងការងារជួយប្រជាពលរដ្ឋដែលមានការខ្វះខាតដោយការីករាលដាលនៃជម្ងឺកូវីដ-១៩ នេះគឺជាការរួមចំណែកបន្តិចបន្តួច ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

កន្លងមក គេតែងតែឃើញសកម្មភាពមនុស្សធម៌របស់ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ជាសមាជិកកុដិលេខ២៤ វត្តនាគវ័ន ចុះធ្វើបុណ្យ ចែកអំណោយ ចែកទានដោយផ្ទាល់ សឹងគ្រប់រូបភាពមិនថា អ្នកដែលខ្វះខាត មានចាស់ជរា ជនពិកា ជាពិសេសបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាញឹកញាប់ថែមទៀតផង។  

កន្លងមក ព្រះតេជគុណ ក៏បានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផងដែរ។

ជាញឹកញាប់ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត តែងបង្ហាញព្រះវត្តមានក្នុងពិធី និងកិច្ចការងារសង្គមជាច្រើន និងបានបង្ហាញសារនឹករលឹកគុណ ដល់ញោមធម៌ ពិសេសប្រមុខថ្នាក់ដឹកនាំជាច្រើនរូបដែលតែងតែជួយជ្រោមជ្រែង និងលើកកម្ពស់តម្លៃសីលធម៍គុណធម៌ក្នុងសង្គមជាតិ។

តើបច្ច័យ ស្បៀងអាហារ និងអំណោយសប្បុរសធម៌ផ្សេងៗ ដែលយកទៅជួយដល់អ្នកខ្វះខាតទាំងអស់នោះ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ទទួលបានពីណា?

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត មានសង្ឃដីកាថា៖ “លទ្ធភាព និងសទ្ធាទាំងអស់នេះ បានមកពីញាតិញោមមករក លោកកូន តាមរយ:ស្រោចទឹក លើករាសី រំដោះគ្រោះ និងញាតិញោមដែលមកបន់ស្រន់អ្វីជាអ្វីនោះ លុះពេលបានសម្រេចក៏ថ្វាយទៅតាមការបន់ស្រន់របស់គាត់នោះ។ល។

តាមរយៈការលើកទឹកចិត្ត និងសទ្ធាជ្រះថ្លា ពីញាតិញោម សប្បុរសជន ជាពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំកំពូលៗ ព្រះតេជគុណ មានថេរដីកាថា នឹងបន្តរួមគ្នាសាងអំពើល្អដោយចិត្តជ្រះថ្លាជាបន្តទៀត ដូចភ្លៀងរលឹម៕