Visa អញ្ជើញអាជីវកម្មដែលទើប បង្កើតថ្មី (Startups) នៅអាស៊ី ប៉ាស៊ីហ្វិករួមទាំងកម្ពុជាដើម្បីចូលរួមកម្មវិធី ពន្លឿនអាជីវកម្មបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ។
Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក កំពុងជ្រើសរើសបណ្តាម្ចាស់អាជីវកម្មវដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជាផងដែរ ដើម្បីចូលរួមក្នុង “កម្មវិធី ពន្លឿនអាជីវកម្ម” សម្រាប់ឆ្នាំទីពីររបស់ខ្លួន។
សម្រាប់កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ធុរកិច្ចបង្កើតថ្មី (Startups) ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ រដ្ឋាភិបាល ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Visa។
លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «នៅពេលដែលជំងឺរាតត្បាតមានការផ្លាស់ប្តូរស្ថានភាពឆ្លងនៅក្នុងពិភពលោក តម្រូវការដ៏អស្ចារ្យសម្រាប់បទពិសោធន៍ឌីជីថលដំបូងដែលបង្កើតការគិតថ្មីជុំវិញរូបិយប័ណ្ណឌីជីថល និងទិន្នន័យបើកចំហគ្រប់វិស័យក៏មានការកើនឡើងដែរ។ ធុរកិច្ចបង្កើតថ្មី (Startups) ជាច្រើនបានបង្កើតការច្នៃប្រឌិតថ្មីៗ ដើម្បីទាញយកឱកាសទាំងនេះ» ។ លោកបន្តទៀតថា៖ «សម្រាប់ Visa យើងចង់គាំទ្រដល់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នេះ ដោយជួយពួកគាត់នាំយកអាជីវកម្មដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត ដោយផ្តល់ជូននូវដំណោះស្រាយ និងបណ្តាញទំនាក់ទំនង ដើម្បីដោះស្រាយនូវភាពស្មុគស្មាញក្នុងការបោះជំហានចូលទៅកាន់ភូមិសាស្ត្រថ្មី»។
កម្មវិធីពន្លឿនអាជីវកម្ម របស់ Visa ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្មដែលទើបបានបង្កើតថ្មី (Startups) ជាមួយដំណោះស្រាយដែលទទួលបានជោគជ័យរួចទៅហើយនៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍអាជីវកម្ម។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ចបង្កើតថ្មី (Startups) ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើងចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ។
ដើម្បីជួយម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) ពង្រីកអាជីវកម្មរបស់ពួកគេ Visa បានណែនាំនូវ កម្មវិធីពន្លឿនអាជីវកម្ម នៅអាស៊ីប៉ាស៊ីហ្វិកកាលពីខែធ្នូ ឆ្នាំ២០២០។ ការចាប់ផ្តើមពីឆ្នាំដំបូងរួមមាន ក្រុមហ៊ុន Brankas ជាក្រុមហ៊ុន Fintech ដែលផ្តល់ជូននូវកម្មវិធីដំណោះស្រាយហិរញ្ញវត្ថុ ក្រុមហ៊ុន Curlec ជាវេទិកាគ្រប់គ្រងការទិញ ជួយសម្រួលដល់ការទូទាត់ និងប្រតិបត្តិការដែលកើតឡើងដដែលៗ ក្រុមហ៊ុន DigitSecure ជាវេទិកាទទួលយក omnichannel ក្រុមហ៊ុន ModusBox ជាវេទិកាប្រភពបើកចំហសម្រាប់ការទូទាត់តាមពេលវេលាជាក់ស្តែង និងក្រុមហ៊ុន Open ជាវេទិកាធនាគារថ្មីសម្រាប់អាជីវកម្មខ្នាតតូច។
ចំពោះការចូលរួមជាមួយកម្មវិធីវិញ គឺនឹងចាប់បើកទទួលពាក្យនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ និងបិទទទួលនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ដោយសារតែកម្មវិធីនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២២។ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa គឺជាផ្នែកថ្មីមួយនៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍជាលក្ខណៈអន្ដរជាតិ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ក្លាយទៅជាកម្មវិធីមួយដ៏សមស្របសម្រាប់ប្រភេទធុរកិច្ចបង្កើតថ្មី ស៊េរីA និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមាន សុពលភាព និងដំណោះស្រាយដែលបានអះអាង។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖https://www.visa.com.sg/apaccelerator
គួរបញ្ជាក់ថា Visa Inc. គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់Visaគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។