សម្តេចតេជោ៖ ការពិនិត្យឡើងវិញនៃផែនការនេះ ជាឆ្អឹងខ្នងចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី ២៧ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា រដ្ឋមន្រ្តីដឹកជញ្ជួនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធនសង្គម-សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្តាលប្រទេសជាសមាជិកអាស៊ាន ប្រកបដោយភាពរលូន និងរហ័សទាន់ចិត្ត នឹងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ ប្រកបដោយភាពរឹងមាំ និងនិរន្តភាព។

សម្តេចតេជោបានគូសបញ្ជាក់ថា អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀត ក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូនដើម្បីឲ្យសម្រេចឲ្យបានជោគជ័យនូវការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូនអាស៊ាន ២0១៦-២០២៥ រួមទាំងសកម្មភាពអាទិភាពនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់ផែនការនេះ ដែលជាឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥។

សម្តេចតេជោថ្លែងបញ្ជាក់ថា៖ ក្រោយពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ ខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចទទយលបាន និងចូលរួមចែករំលែកបទពិសោធន និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀតសម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល