ABA ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ទទួលបានពានរង្វាន់ 2021 Elite Quality Recognition Award ពី JP Morgan Chase Bank N.A., USA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំបំផុតលំដាប់ពិភពលោក។
ការទទួលស្គាល់ ABA ជាលើកទីពីរ ក្នុងរយៈពេលពីរឆ្នាំជាប់គ្នានេះ ផ្អែកលើការរក្សាសុក្រិតភាពលេចធ្លោ និងឧត្តមភាព នៅក្នុងប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ MT103 (straight-through processing ដែលហៅកាត់ថា STP) សម្រាប់ការផ្ទេរប្រាក់ និងការទូទាត់អន្តរជាតិ ជាដុល្លារអាមេរិក។
ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនធនាគារ ដោយផ្អែកលើគុណភាពខ្ពស់នៃប្រតិបត្តិការផ្ទេរប្រាក់ និងការគ្រប់គ្រងសុក្រឹតភាពនៃដំណើរការផ្ទេរប្រាក់របស់អតិថិជន បាន 90%។ នៅក្នុងឆ្នាំ 2021 ការផ្ទេរប្រាក់ និងការទូទាត់ដែលដំណើរការដោយគ្មានកំហុស មានកម្រិតលើសពី 99.5%។
អ្នកស្រី ស៊ឹម សួងសន្តិភាព ប្រធាននាយកដ្ឋានប្រតិបត្តិការអន្តរជាតិធនាគារ ABA បានមានប្រសាសន៍ថា “តាមរយៈពានរង្វាន់ឆ្នាំទី 2 នេះ ធនាគារ ABA បានបង្ហាញពីសមត្ថភាពធ្វើប្រតិបត្តិការដែលមានគុណភាពខ្ពស់លើសពីស្ដង់ដារ ក្នុងការដំណើរការផ្ទេរ និងទូទាត់ប្រាក់អន្តរជាតិជូនអតិថិជន ជាដុល្លារអាមេរិក។ យើងមានមោទនភាព ជាមួយនឹងការទទួលស្គាល់ពី JP Morgan ដែលសបញ្ជាក់ឲ្យឃើញថា ការប្ដេជ្ញាចិត្តរបស់យើង នៅតែរឹងមាំឥតងាករេ និងគួរជាទីពំនឹង។”
អ្នកស្រីបន្ថែមថា “អតិថិជនរបស់យើង អាចជឿទុកចិត្តបានថា សំណើរប្រតិបត្តិការអន្តរជាតិរបស់ពួកគាត់ ជាមួយ ABA នឹងត្រូវដំណើរការទាន់ពេលវេលា និងប្រកបដោយសុក្រឹតភាព។”
សូមបញ្ជាក់ថា JP Morgan ធ្វើការប្រគល់ពានរង្វាន់ទទួលស្គាល់គុណភាព (Quality Recognition Award) ទូទាំងសកលលោក ចាប់តាំងពីឆ្នាំ 1997។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនធនាគារដែលមានគណៈគ្រប់គ្រង និងបុគ្គលិកអាចធ្វើប្រតិបត្តិការ ផ្ទេរ និងទូទាត់ប្រាក់ជូនអតិថិជនប្រកបដោយសង្គតិភាព និងគុណភាពខ្ពស់ក្នុងកម្រិតយ៉ាងហោចណាស់ 90% ៕