អគារ​ក្រសួង​មហាផ្ទៃថ្មី បុកគ្រឹះសាងសង់ព្រឹកនេះ​អាច​ផ្ទុក​មនុស្ស​បាន​ជិត ១ ម៉ឺន​នាក់

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី មានទីតាំងនៅអគារចាស់ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្នែកខាងមុខនៃផ្ទៃអគារបែរទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម និងបែរចំទន្លេចតុមុខ។ ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ១០៥,៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ៤៣,៥ម៉ែត្រ។ អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន៣៣០គ្រឿង។

ប្លង់ស្ថាបត្យកម្មអគារនេះជាប្រភេទស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក៥ លំនាំតាមប្រសាទអង្គរ និងបានគិតគូយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល។ អគារទីស្ដីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្ដុំថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាពឋានៈស្មើចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងមហាផ្ទៃចំនួន៦ លេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានជំនាញចំនួន៤២។ អគារនេះអាចផ្ទុកមនុស្សបានរហូតដល់៨៥០០នាក់៕