លោក សាយ សំអាល់៖ កម្ពុជា​បង្កើត​កញ្ចប់​ថវិកា​​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាស​ច្រើន​ជាង​មុន​បី​ដង

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែង​សុន្ទរក​ថា​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ ​ស្តី​ការ​ប្រែប្រួល​អាកាសធាតុលើក​ទី២៦ (COP26) នៅ​ទីក្រុង​ Glasgow ប្រទេស​ស្កុតលែន​ កាល​ពី​ថ្ងៃ​ពុធ លោក ​សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានលើកឡើងថា កម្ពុជា​បង្កើត​កញ្ចប់​ថវិកា​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាស​ច្រើន​ជាង​មុន​បី​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ ដោយ​សម្រេច​បាន​២%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ លោកថា កម្ពុជា​ក៏​បាន​ដាក់​ប្រតិបត្តិការ​គម្រោង​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​ចំនួន៤០០មេហ្គាវ៉ាត់​ផង​ដែរ ដែលអាចផ្គត់ផ្គង់​១៥%​នៃ​ថាមពល​ប្រើប្រាស់​ក្នុង​ស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​​បន្ត​ថា៖ “យើង​សូម​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ឲ្យ​ពង្រឹង​ការ​រួមចំណែក​នៅ​ក្នុង​យន្តការ​ហិរញ្ញវត្ថុ និង​សម្រួល​ការ​ទទួលបាន​ហិរញប្បទាន​ដោយ​ផ្ទាល់​បន្ថែម។ បើ​មិន​ដូច្នេះ​ទេ ការ​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយ​ចីរភាព សមត្ថភាព​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ការ​អភិវឌ្ឍ​ក្នុង​កម្រិត​បញ្ចេញ​កាបូន​ទាប​ នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ គឺ​គ្រាន់​តែ​ជា​ការ​និយាយ​តែ​ប៉ុណ្ណោះ”។

​ លោក​ សាយ សំអាល់ ថ្លែង​ក្នុង​សម្តី​ដើមថា៖ “ការ​ផ្តល់​ហិរញ្ញប្បទាន​អន្តរជាតិ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ នៅ​ឃ្លាត​ឆ្ងាយ​ពី​ទំហំ​ត្រូវ​ការ​ចាំបាច់ ជាពិសេស​សម្រាប់​ការ​សម្រប​ខ្លួន​ និង​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សម្រាប់​បណ្តា​ប្រទេស​ងាយ​រងគ្រោះ”។ ​

ជាមួយគ្នានេះ លោកក៏បានស្នើ​សុំ​ជំនួយ​ហិរញ្ញប្បទានបន្ថែម​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ដើម្បី​ដោះស្រាយវិបត្តិ​បម្រែបម្រួល​អាកាសធាតុ ដែល​កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី​ ក៏បាន​លើកឡើង​ពីចំណាត់ការ​ផ្សេងៗ​ ដែល​កម្ពុជា​បាន​ធ្វើ ​ដើម្បី​ការពារ​បរិស្ថាន​ រួម​មាន ​កម្ពុជា​លែង​បង្កើតរោងចក្រ​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី​ពី​ធ្យូងថ្ម​ និង​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ​ ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ខណៈដែលកម្ពុជា​កំពុង​មាន​គម្រោង​រោងចក្រ​ធ្យូងថ្ម​ចំនួន​៣ ដែល​កំពុង​សាង​សង់​ និងអាច​ផ្គត់ផ្គង់​អគ្គិសនី​បានប្រមាណ១.៦០០មេហ្គាវ៉ាត់។

លោក សាយ សំអាល់ ​ឲ្យ​ដឹង​ទៀត​ថា ​កម្ពុជា​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​គោលដៅ​ជាតិ​ក្នុង​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដោយ​ដាក់គោលដៅ​លើ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត៤២​%នៅ​ត្រឹមឆ្នាំ ២០៣០។ លោកបន្ថែម​ថា កម្ពុជា​កំពុង​«អភិវឌ្ឍ​យុទ្ធសាស្ត្រ​អព្យាក្រឹតភាព​កាបូន​រយៈពេល​វែង» ដែល​មាន​គោលដៅ​លើកកម្ពស់​កម្រិត​កាបូន​ទាប ការ​ងើបឡើង​វិញ​ និង​កំណើន​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​រួម​បញ្ចូល​មួយ៕