ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ក្រុមហ៊ុន HEINEKEN (Cambodia) ជាសហគ្រាសមួយមានអនុលោមភាពសារពើពន្ធខ្ពស់ ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចពន្ធដារផ្ទៃក្នុង ដោយបានបង់ពន្ធជូនរដ្ឋច្រើនជាងគេលំដាប់ទី១ ក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរានៅកម្ពុជា។
ការលើកឡើងនេះ ខណៈការសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀរ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន HEINEKEN។
មន្រ្តីថ្នាក់ដឹកនាំដែលទទួលខុសត្រូវរកចំណូលពន្ធចូលរដ្ឋនេះបានឲ្យដឹងថា ក្រុមហ៊ុន Henineken បានអនុលោមភាពសារពើពន្ធខ្ពស់ប្រភេទ “មាស” និង ជាក្រុមហ៊ុនដំបូង និងឈានមុខគេក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក ដែលបានស្ម័គ្រចិត្តក្នុងការចូលរួមសហការដំឡើង និងប្រើប្រាស់ឧបករណ៍វាស់ចំណុះ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងបន្តថា ការដាក់ដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាដំបូងគេសម្រាប់ក្រុមហ៊ុន HEINEKEN (Cambodia) ជំរុញលើកទឹកចិត្តដល់សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផ្សេងៗទៀតចូលរួមអនុវត្តកាតព្វកិច្ច ពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជាការចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ និងប្រកួតប្រជែងដោយស្មើភាពគ្នា និងដើរតួនាទីជាដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
បើតាមរបាយការណ៍នៃអគ្គនាយកដ្ឋានគយក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ រដ្ឋប្រមូលពន្ធបានសរុបប្រមាណ ១ ៩០៩ លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៨៥% នៃផែនការពន្ធដាឆ្នាំ ២០២១ ។
ចំណូលពន្ធដានៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២១ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ មានការថយចុះប្រមាណ ១៥១,៣០ លានដុល្លារអាមេរិកឬស្មើនឹងប្រមាណ ៧% ។ ទោះជាយ៉ាងណាតួលេខនេះ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដា ចាត់ទុកថា ជាតួលេខល្អមួយដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិដោយសារតែរីករាលដាលនៃកូវីដ ១៩ តែចំណូលនៅតែមានភាពល្អប្រសើរ៕