អាមេរិក​នឹង​ពិចារណា​ឡើងវិញ​ ផ្តល់​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP មក​ឱ្យ​កម្ពុជា​សារជាថ្មី​

សង្គម​ និង​សេដ្ឋកិច្ច

សហរដ្ឋអាមេរិក តាមរយៈតំណាងពាណិជ្ជកម្មរបស់ខ្លួន នឹងធ្វើការវាយតម្លៃនូវសិទ្ធទទួលបានសារជាថ្មីនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP មកឱ្យកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Exports to US up 25 pct in Q1 - B2B CAMBODiA

បើតាមក្រសួងរតនាគារសហរដ្ឋអាមេរិក ការវាយតម្លៃពីសិទ្ធទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) បានធ្វើឡើងបន្ទាប់ពីសភាអាមេរិក អនុញ្ញាតឱ្យមានការអនុវត្តនូវកម្មវិធីមួយឈ្មោះថា ផលប្រយោជន៍ និងលក្ខណៈវិនិឆ្ឆ័យសិទ្ធទទួលបាននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ។ 

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការលើកឡើងរបស់សហរដ្ឋអាមេរិកនៅពេលនេះ អាចជាសញ្ញាល្អសម្រាប់កម្ពុជា ខណៈសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញផលិតផលធំមួយរបស់កម្ពុជា។

គួររម្លឹកឡើងវិញថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកដែលផ្តល់មកកម្ពុជា ត្រូវបានហួសសុពលភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ ខណៈការហួសសុពលភាពនេះបានប៉ះពាល់​ទៅ​លើ​អ្នក​បញ្ជា​ទិញដែលតម្រូវឱ្យ​បង់​ពន្ធ​នាំ​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​។ 

ជាក់ស្តែង ក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅកម្ពុជា មិនត្រូវបានគិតពន្ធការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកប្រមាណ១ពាន់លានដុល្លារផងដែរ។

បន្ថែមលើនេះ លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា​ កម្ពុជានឹងរំពឹងថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នឹងអាចផ្តល់មកឱ្យកម្ពុជាឡើងវិញ។ ការរំពឹងនេះត្រូវបានអ្នកនាំពាក្យរូបនេះ លើកហេតុផលថា ទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរបូករួមនឹងទំហំពាណិជ្ជកម្មមានកំណើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកសម្អាងថា កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវចំពោះការប្រើប្រាស់កម្លាំងពលកម្មរបស់នយោជិកដូចជា ការមិនកេងកម្លាំងពលកម្មហួសប្រមាណ ដែលផ្ទុយពីកតិកាសញ្ញារបស់កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP៕