នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យបានកើតឡើងដល់ ១០ ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយក៏បានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។
នៅក្នុងជំនួប កាលពីថ្ងៃចន្ទម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ។ ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។
ដោយឡែក សម្រាប់វិស័យកសិកម្ម នាយករដ្ឋមន្រ្តី លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សាចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន គប្បីណាទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង។
ទន្ទឹមនឹងនោះ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ លោក លី ខឺឈាំង បានអះអាងប្រាប់កម្ពុជាថា ភាគីចិន នឹង ចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយនេះផងដែរ៕