ទីក្រុងចំនួនបីនៅក្នុងប្រទេសកម្ពុជា ដែលធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB សម្រេចផ្តល់ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ នោះគឺក្រុងបាវិត នៃខេត្តស្វាយរៀង ក្រុងកំពត ខេត្តកំពត និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
បើតាម ADB គម្រោងវិនិយោគនេះ នឹងជួយទីក្រុងទាំងនេះ ដើម្បីកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ ខណៈដែលគម្រោងនេះ ក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។
អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB លោកស្រី Wei Kim Swain បានថ្លែងនៅថ្ងៃទី២០ ខែវិច្ឆិកា នេះថា ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន កំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities] ប៉ុន្តែលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឱ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង។
លោកស្រីបន្តថា គម្រោងនេះ នឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ « វាក៏នឹងជួយ ដើម្បីទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ»។
យុទ្ធសាស្ត្រភាពជាដៃគូរវាងប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ គាំទ្រដល់កំណើនសេដ្ឋកិច្ចនៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលក្រុងបាវិត កំពត និងប៉ោយប៉ែតស្ថិតនៅ។ ក្រុងបាវិត និងប៉ោយប៉ែតជាច្រកចេញចូលទៅកាន់ប្រទេសវៀតណាម និងថៃ ហើយក្រុងកំពង់ផែកំពតបានក្លាយជាគោលដៅទេសចរណ៍។
នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងនេះនឹងគាំទ្រដល់ការស្តារប្រឡាយ ដែលមានស្រាប់ និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។ នៅក្រុងកំពតឯណេះវិញ គម្រោងនេះ នឹងពង្រីកបណ្តាញលូទឹកស្អុយ និងគាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។
បន្ថែមលើនេះ គម្រោងដែលមានតម្លៃ ១៨០ លានដុល្លារនេះក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវ នឹងរួមបញ្ចូលកំណែទម្រង់ពន្ធគយ ដើម្បីចំណាយលើប្រតិបត្តិការ និងការថែទាំទីក្រុង និងផែនការ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យឯកជន។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួលជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ៕