បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ ដើម្បីជួយដល់ការអភិវឌ្ឍក្រុងចំនួន៣នៅកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
ក្រុងទាំង ៣ នោះមានក្រុងបាវិត កំពត និង ប៉ោយប៉ែត ដែលគ្របដណ្តប់លើចំនួនប្រជាពលរដ្ឋជាង១៤ម៉ឺននាក់។
គម្រោងវិនិយោគ ដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) របស់ ADB នឹងជួយទីក្រុងទាំង ៣ នេះ កាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឲ្យ ប្រសើរឡើងនូវប្រព័ន្ធ បង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ក្នុងការផ្តល់សេវាទីក្រុងផងដែរ។
លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនកំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឲ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចទីក្រុង។
បើតាមលោកស្រី Wei Kim Swain គម្រោងនេះ នឹងជួយរាជរដ្ឋាភិបាល ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និង លើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអាជ្ញាធរ ក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ»។
តាមទិន្នន័យបង្ហាញថា ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងនៅប្រទេសកម្ពុជា បានកើនឡើងដល់៦លាននាក់ក្នុងឆ្នាំ ២០១៩ ពី២.៦លាននាក់ ក្នុងឆ្នាំ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាល ក្រុង ក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ២០១៩ ប្រមាណ៤៧% នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់ ទឹកស្អាតតាមលំនៅដ្ឋាន។ ទឹកលូដែលមិនបានសម្អាត ជាទូទៅ ត្រូវបង្ហូរទៅក្នុងទីចំហ តាមរយៈលូរួម និង លូទឹកបង្កប់តាមផ្លូវ ឬ ដោយប្រយោលតាមប្រឡាយចំហ។ សេវាកម្មសម្អាតសំណល់រឹង ក៏នៅមានកម្រិត។ មួយភាគធំនៃសំណល់រឹងត្រូវបានទុកចោល ចាក់ចូលក្នុងប្រឡាយចំហ ទីវាល ឬ ដុតចោល។
នៅក្រុងបាវិត និង ប៉ោយប៉ែត គម្រោងនេះ នឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និង ការ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរ ទឹកភ្លៀងថ្មី និង កន្លែងចាក់សំរាម។ នៅក្រុងកំពតគម្រោងនេះ នឹងពង្រីកបណ្តាញលូទឹកស្អុយ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការ ផ្តល់សេវាកម្មគ្រប់គ្រាន់៕