រហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបប្រវែងប្រមាណ១៥.០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន២០ រួចមកហើយ។ នេះបើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃអង្គារនេះ។
បើតាមលោក ស៊ុន ចាន់ថុល កម្ពុជាបានលើកកម្រិតព្រលានយន្តហោះឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិចំនួន៣ និងកំពុងសាងសង់ព្រលានយន្តហោះស្តង់ដាអន្តរជាតិ៣បន្ថែមទៀត នៅខេត្តសៀមរាប ខេត្តកោះកុង និងរាជធានីភ្នំពេញ លើកកម្រិតកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិ បានស្តារផ្លូវដែក ភាគខាងជើង និងភាគខាងត្បូងឡើងវិញ និងកំពុងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតពាសពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាព។
រូបភាពក្រសួងសាធារណៈការ និងដឹកជញ្ជូន
បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រីបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ គោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវពេលជិះរថយន្ដ និងគប្បីប្រុង ប្រយ័ត្នជាប់ជានិច្ចក្នុងពេលបើកបរ កុំបើកបរហួសល្បឿនកំណត់ កុំបើកបរពេលស្រវឹង ឬងងុយដេក ជាពិសេស កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងនិងធ្វើឱ្យផ្លូវឆាប់ខូចផងដែរ។