សម្តេច ហ៊ុន សែន៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អុីរ៉ុប មានការចាំបាច់សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឪកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងឪកាសបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អុីរ៉ុប លើកទីមួយ ក្រោមមូលបទ “ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤” នៅព្រឹកថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា វេទិកានេះមានការចាំបាច់សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឪកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងវិស័យសាធារណៈ និងឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរលើមូលបទដ៏មានសារៈសំខាន់គឺការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តឧស្សាហកម្មទី៤ សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច វិនិយោគ និងការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីភាពថ្មី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថា កិច្ចសហការប្រតិបត្តិការអាស៊ី-អុីរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជជាននិងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍រួម។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះ មានសក្តានុពលជាច្រើនទៀត ខណៈដែលទំហំសេដ្ឋកិច្ចអាស៊ី-អុីរ៉ុប មានចំណែកប្រមាណ ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៥៥% នៃពាណិជ្ជកម្មសកល។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប លើកទី១៣ (ASEM13)។ វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប៕