ទោះបីជាប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ មានទីតាំងភូមិសាស្រ្តនៅឆ្ងាយពីគ្នាក្តី តែថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា ខណៈដែលប្រទេសទាំងពីរបានតភ្ជាប់គ្នាតាមរយៈពាណិជ្ជកម្ម ប្រជាជន និងប្រជាជន និងតាមរយៈអង្គការតំបន់ និងអន្តរជាតិជាច្រើន។ នេះបើតាមការលើកឡើងរបស់លោក មាស គឹមហេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងជំនួបជាមួយលោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០២១។
លោក មាស គឹមហេង បានសម្តែងនូវការអបអរសារទរចំពោះជោគជ័យនៃនយោបាយ និងសេដ្ឋកិច្ច-សង្គមរបស់ប្រទេសអាស៊ែបៃហ្សង់ និងបានសម្តែងនូវជំនឿទុកចិត្តថា ការអនុវត្តគោលនយោបាយអាស៊ែបៃហ្សង់ឆ្នាំ២០៣០ ស្តីពីអាទិភាពជាតិនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នឹងនាំមកនូវសន្តិភាព ការរីកចម្រើន និងវិបុលភាពបន្ថែមទៀតសម្រាប់រយៈពេលវែងរបស់អាស៊ែបៃហ្សង់។
ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់កាន់តែរីកចម្រើនថែមទៀត។
គួររម្លឹកថា សាធារណរដ្ឋអាស៊ែបៃសង់ គឺជាប្រទេសមួយស្ថិតនៅចំកណ្តាលរវាងតំបន់អឺរ៉ុបខាងកើតនិងតំបនអាស៊ីខាងលិច។ ប្រទេសនេះមានព្រំប្រទល់ជាប់និងសមុទ្រកាសព្យែននៅទិសខាងកើត ប្រទេសរុស្ស៊ីនៅទិសខាងជើង ចចជីនៅទិសពាយព្យ ប្រទេសអាមេនីនិងតួកគីនៅទិសខាងលិច និងប្រទេសអ៊ីរ៉ង់នៅទិសខាងត្បូង៕