អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានដឹកនាំក្រុមការងារចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅ និងរោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុនកាមាដេនូវេឈ័រ សហការជាមួយក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។


បើតាមលោកនាយកក្រុមហ៊ុនកាមាដេនូវេឈ័រ បានរាយការណ៍អំពីវឌ្ឍនភាពនៃការដាំដុះជាជំហានដំបូង ក្រុមហ៊ុនបានដាំដុះចំនួន ៣០០០ហិកតា និងអនុវត្តតាមផែនការត្រូវដាំដុះបន្តចំនួន ១០០០០ហិកតា ប្រើប្រាស់កម្មករចំនួន ២០០០នាក់។ នៅរដូវប្រមូលផលខាងមុខ ក្រុមហ៊ុនអាចស្រូបយកពលកម្មតាមបណ្តាក្រុងស្រុក សម្រាប់ធ្វើការក្នុងចម្ការ និងរោងចក្របន្ថែមទៀត ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់ក្រុមហ៊ុន កាមាដេនូវេឈ័រ ដែលបានខិតខំជំរុញឲ្យខ្សែច្រវាក់ផលិតកម្មស្ករអំពៅសម្រេចបានជោគជ័យ ទាំងលើផលិតកម្មដាំដុះ និងកែច្នៃ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការស្រូបយកកំលាំងពលកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ចគ្រួសារ ខណៈដែលវិស័យមួយចំនួនកំពុងជួបវិបត្តដោយសារជំងឺកូវីដ-១៩។


លោកបន្តថា វិស័យឯកជនគឺជាចលករយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថា ចំនួននេះនឹងមានការកើនឡើងនៅរដូវប្រមូលផលខាងមុខនៅបំណាច់ឆ្នាំនេះ។
ទន្ទឹមនេះ ឯកឧត្តម ស្នើឲ្យក្រុមហ៊ុនគួរបង្កើនទុនវិនិយោគ ធ្វើយ៉ាងណាប្រើប្រាស់ដីនេះឲ្យអស់លទ្ធភាព ដើម្បីបង្កើតជាពហុប្រយោជន៍ឲ្យអស់សក្តានុពល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសមរម្យ ធ្វើឲ្យកម្រិតជីវភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានដាក់ចេញកន្លងមក៕