ធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវគ្រឹះស្ថាននីមួយៗត្រូវដោះស្រាយរាល់ភាពរអាក់រអួលផ្នែកបច្ចេកទេសក្នុងរយៈពេល ២ម៉ោងយ៉ាងយូរ។ ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានិងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិធានការតាមនីតិវិធី។
ការប្រកាសក្រើនរំលឹកនៅគ្រានេះ ស្របពេលធនាគារ ABA ជាប់គាំងប្រព័ន្ធដំណើរការជិតមួយថ្ងៃ ហើយក្រោយមក ABA ប្រកាសដំណើរការពេញលេញវិញហើយនៅម៉ោង ៥:០៨នាទីល្ងាច។
បើតាមធនាគារជាតិនៃកម្ពុជា ប្រព័ន្ធបច្ចេកទេសរបស់ធនាគារ ABA បានជួបបញ្ហារអាក់រអួលតាំងពីម៉ោង ៣និង០០នាទីព្រឹក រហូតមក។ ការណ៍នេះបានធ្វើឱ្យមានបញ្ហារអាក់រអួលនិងផលវិបាកដល់សាធារណជន ក្នុងការបើ ប្រាស់សេវាធនាគាររបស់ធនាគារ ABA។ បញ្ហានេះធនាគារជាតិនៃកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយធនាគារដើម្បីជំរុញការដោះស្រាយឱ្យដំណើរការឡើងវិញបានឆាប់រហ័ស។
ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជនបន្តប្រើប្រាស់ សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាព និងភាព ងាយស្រួលក្នុងការប្រើប្រាស់៕