៣ ឆ្នាំ​ចុងក្រោយ​នេះ GDP ពលរដ្ឋ​កម្ពុជា​ប្រែប្រួល​យ៉ាងណា​ខ្លះ?

សង្គម​ និង​សេដ្ឋកិច្ច

មុន​វិបត្តិ​កូវីដ ១៩ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​រង្វង់ ៦ ទៅ ៧ ភាគរយ​ក្នុង​មួយ​ឆ្នាំ។ យ៉ាងណា​ជំងឺ​កូវីដ​ដែល​បន្ត​អូស​បន្លាយ​បាន​ទាញ​សេដ្ឋ​កិច្ច​កម្ពុជា​ថយ​ចុះ ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋកិច្ចកម្ពុជានាឆ្នាំ ២០២០ ត្រូវបានវាយតម្លៃថា មានកំណើនអវិជ្ជមាន -៣,១% ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបានបណ្តាលឱ្យវិស័យជំរុញកំណើនសំខាន់ៗ ទទួលរងផលប៉ះពាល់ក្នុងនោះរួមមាន៖ អនុវិស័យសណ្ឋាគារ និង ភោជនីយដ្ឋាន, អនុវិស័យកាត់ដេរ, អនុវិស័យលក់ដុំ និង លក់រាយ, អនុវិស័យសំណង់ និង អចលនទ្រព្យ និង អនុវិស័យដឹកជញ្ជូន។ លើមូលដ្ឋាននេះ, ផលទុនក្នុងស្រុក​សរុប (GDP) សម្រាប់មនុស្សម្នាក់ បានធ្លាក់ចុះមកនៅត្រឹម ១ ៦៥៣ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២០ ពី ១ ៧០០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះ អតិផរណាមធ្យម បានកើនឡើងមកក្នុងអត្រា ២,៩% ក្នុង ឆ្នាំ ២០២០ ពីអត្រា ១,៨% ក្នុងឆ្នាំ ២០១៩ ស្របពេលដែល អត្រាប្តូរប្រាក់ ស្ថិត ក្នុងកម្រិត ៤ ០៨០ រៀល ក្នុងមួយដុល្លារអាម៉េរិក។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​ថា ផលិតផលសរុប(ផ.ស.ស) សម្រាប់ពលរដ្ឋកម្ពុជាម្នាក់នៅឆ្នាំ២០២២ បានកើនឡើងដល់ ១ ៨៤២ដុល្លារអាមេរិក ខណៈឆ្នាំ២០២១ មានត្រឹមតែ១ ៧៣០ ដុល្លារអាមេរិកប៉ុណ្ណោះ។ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ២,៤% ខណៈដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះ ក៏បានយល់ស្របលើអត្រាកំណើនប្រហាក់ប្រហែលគ្នាគឺក្នុងរង្វង់ប្រមាណ២%។

ឧបនាយករដ្ឋមន្ត្រីបានបន្តថា ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ហើយផលទុនក្នុងស្រុក​សរុប (ផសស) សម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៨៤២ ដុល្លារអាមេរិក​ធៀបនឹង ១ ៧៣០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។

រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដែលនឹងត្រូវបានដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ៕