ចិន ផ្តល់ហិរញ្ញប្បទានមកឲ្យកម្ពុជា សរុបប្រមាណ ៤,៦៥៥លានដុល្លារ ខណៈវិនិយោគបណ្តាក់ទុនជាង ២៧ប៊ីលានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់តាំងពីអំឡុងឆ្នាំ១៩៩២-២០២០ មកដល់ពេលនេះ ២៩ឆ្នាំហើយដែលប្រទេសចិន បានបើកផ្តល់ហិរញ្ញប្បទានមកកម្ពុជាសរុប
ប្រមាណ ៤,៦៥៥លានដុល្លារ ខណៈការវិនិយោគបានបណ្តាក់ទុនសរុបជាង ២៧ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០២១។ នេះបើតាមការឲ្យដឹងពីលោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីវិនិយោគកម្ពុជា ជូនវិនិយោគិន និងធុរជនចិននៅកម្ពុជា និងនៅក្រៅប្រទេស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ និងត្រូវបានពូនជ្រុំដោយ ព្រះករុណា ព្រះវររាជបិតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិននាសម័យនោះ និងត្រូវបានលើកកម្ពស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់រហូតសម្រេចបានកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០១០។

លោកថ្លែងថា ទំនាក់ទំនងការទូតដ៏ល្អប្រសើរនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។

សម្រាប់លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនងល្អរវាងចិននិងកម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ ជាពិសេស ឆ្លងកាត់នូវការរាតត្បាតនៃជំងឺកូវីដ-១៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធថែមមួយកម្រិតទៀត។ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់ថ្នាក់ដឹកនាំ និងការខិតខំរបស់ប្រជាជន នៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីបានឈាន ដល់កម្រិតល្អបំផុតជាប្រវត្តិសាស្ត្រ ហើយកម្ពុជាបានក្លាយជាទិសដៅវិនិយោគដ៏សំខាន់របស់ប្រទេសចិន។

លោកបន្ថែមថា ជាមួយនឹងការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ ការបន្តអនុវត្តគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវាត់មួយ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន៕