ដើមខែ​ធ្នូ​នេះ ក្រុមហ៊ុនអាកាស​ចរ​ ៦ ស្នើ​សុំ​ភ្ជាប់​ជើងហោះហើរ​ឡើងវិញមកប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិល​បាន​ឲ្យ​ដឹង​ថា នៅក្នុងខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ក្នុងនោះចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងចំនួន២ ស្នើសុំបន្ថែមជើងហោះហើរមកប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាមប្រភព​ពីមន្រ្តីអាកាសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ដែល​បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមានក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។

ដោយឡែក ក្រុមហ៊ុន Singapore Airlines បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។

រាជរដ្ឋាភិបាលកម្ពុជាបាន​ប្រកាស​បើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាមវិធានការ និងលក្ខខណ្ឌតម្រូវការ ដែល​បានធ្វើឱ្យមានសន្ទុះអ្នកដំណើរចូលកម្ពុជា មានការកើនឡើងជាបណ្តើរៗ។

ការ​កំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាព​ចម្បង​។ ជាមួយ​គ្នានេះ អាកាសចរស៊ីវិលកម្ពុជា ក៏​នឹង​ពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ដើម្បី​រៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍​របស់​ជប៉ុនផងដែរ៕