ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេច នរោត្តម មុនីនាថ សីហនុ នៅយប់ថ្ងៃទី១ ធ្នូ ២០២១នេះ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជទ្រព្យចំនួន ១២មុឺនដុល្លារ សម្រាប់រៀបចំកម្មវិធីបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
សូមជម្រាបជូនថា ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតនៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួន ១២មុឺនដុល្លារ (ព្រះករុណាជាម្ចាស់ជីវិត ចំនួន ២មុឺនដុល្លារ សម្តេចម៉ែ ចំនួន ១០មុឺនដុល្លារ) ជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់រៀបចំកម្មពិធីបុណ្យព្រះសពរបស់ព្រះអង្គ ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយទីវង្គតនៅប្រទេសបារាំង ក្នុងជន្មាយុ ៧៧ព្រះវស្សាដោយរោគាពាធ។ សម្ដេចក្រុមព្រះ ជាបុត្រារបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាដការី នៃរបាំព្រះរាជទ្រព្យ ព្រះអង្គជាព្រះអនុច (ប្អូនបង្កើត) របស់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីទី១ នៃរដ្ឋាភិបាលកម្ពុជា និងជាប្រធានរដ្ឋសភាជាតិ។
ការយាងសោយទីវគ្គតរបស់សម្ដេចក្រុមព្រះនរោត្ត រណឫទ្ធិ ព្រះប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សកម្ពុជា បានធ្វើឲ្យប្រមុខរដ្ឋាភិបាល ញាតិវង្ស អ្នកអ្នកនយោបាយ និងពលរដ្ឋខ្មែរសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្ត និងបានផ្ញើសារចូលរួមរំលែកមរណទុក្ខ បួងសួងឲ្យព្រះវិញ្ញាណ ក្ខន្ធសម្ដេចក្រុមព្រះនរោត្ត ស្តេចយាងទៅកាន់បរមសុខ៕