រដ្ឋកំណត់យកថ្ងៃទី៨ ធ្នូ ដើម្បីកាន់​ទុក្ខថ្នាក់​ជាតិ​ផ្លូវ​ការ ថ្វាយ​ចំពោះ​ព្រះ​សព សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ

សង្គម​ និង​សេដ្ឋកិច្ច

នៅ​ថ្ងៃ​ទី​០៨ ​ធ្នូ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់យក​ជា​ថ្ងៃ​កាន់​ទុក្ខថ្នាក់​ជាតិ​ផ្លូវ​ការ ថ្វាយ​ចំពោះ​ព្រះ​សព សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋ​មន្ដ្រីទី១ និង​ជា​អតីត​ប្រធាន​រដ្ឋសភា​កម្ពុជា​។ ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​សារាចរ​ណែនាំ​ចុះ​ហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី នៅ​ថ្ងៃ​សុក្រម្សិលមិញ មុន​ពេល​ដែល​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ ត្រូវ​យាង​ដង្ហែ​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ទី​០៥​ខែ​ធ្នូ​ស្អែក​នេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​សារាចរ​ណែនាំ ដើម្បី​កាន់​ទុក្ខ​ថ្វាយ​​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន វត្ត​អារាម មន្ទីរ​ពេទ្យ​រដ្ឋ​និង​ឯកជន​ ​មន្ដ្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ប្រជាជន​ទូទាំង​ប្រទេស ត្រូវ​បង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់​កណ្ដាល​នៃ​ដង​ទង់​ជាតិ​។ ចំណែក​គ្រប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​ផ្អាក​ការ​សម្ដែង និង​ចាក់​ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេង​ៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹក​គគ្រេង​។

ក្នុងន័យនេះ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជន​រួម​ជាតិ ចូល​រួម​អនុវត្ត​តាម​ការ​ណែនាំ​នេះ ដើម្បី​ជា​កិច្ច​ចូល​រួម​មរណទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត ចំពោះ​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​ព្រះ​អង្គ​មាន​គុណ​បំណាច់​ដ៏​ធំ​ធេង​ចំពោះ ជាតិ សាសនា ព្រះ​មហាក្សត្រ​។

ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បានបង្កើត​ឲ្យ​មាន​គណៈកម្មការ​រៀបចំ​ព្រះ​ពិធី​បុណ្យ​ព្រះ​សព សម្ដេច​ក្រុម​ព្រះ​។ បើ​តាម​គម្រោង ក្រោយ​ពេល​ដែល​​យាង​ដង្ហែ​មក​ដល់​កម្ពុជា​នា​ថ្ងៃ​អាទិត្យ​ទី​០៥​ខែ​ធ្នូ ព្រះ​សព​របស់​សម្ដេច​ក្រុម​ព្រះ នឹង​ត្រូវ​តម្កល់​ធ្វើ​បុណ្យ​រយៈ​ពេល​០៣​ថ្ងៃ​នៅ​អតីត​ព្រះ​ដំណាក់​ចាស់​នៅ​ផ្លូវ​សម្ដេច​ប៉ាន មុន​ពេល​ប្រារព្ធ​ពិធី​បូជា​ថ្វាយ​ព្រះ​ភ្លើង នៅ​ទីលាន​មុខ​វត្ត​បទុមវតី ​រាជធានី​ភ្នំពេញ​។ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​សោយ​ទិវង្គត​នៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨​វិច្ឆិកា ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះ​វស្សា ដោយ​ព្រះ​រោគាពាធ​។

សូមរម្លឹកដែរថា ស្ថិត​ក្នុង​ព្រះ​រាជ​ហឫទ័យ​សោក​ស្ដាយ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ការ​យាង​ចូល​ទិវង្គត​នៃ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រី ហ្លួងម៉ែ ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ ប្រោស​ព្រះ​រាជទាន​ព្រះ​រាជ​ទ្រព្យ​ផ្ទាល់​ព្រះ​អង្គ ចំនួន​១២​ម៉ឺន​ដុល្លារ ជូនដល់​ព្រះ​បុត្រា​បុត្រី​សម្ដេច​ក្រុម​ព្រះ​ សម្រាប់​រៀបចំ​ពិធី​បុណ្យ​ព្រះសព​​។ ក្នុងនោះ ហ្លួងព្រះមហាក្សត្រ ព្រះ​រាជ​ទានព្រះរាជទ្រព្យ​ចំនួន ​២​ម៉ឺន​ដុល្លារ និងហ្លួងម៉ែ ចំនួន ១០ម៉ឺនដុល្លារ៕