ប្រតិភូក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ ដាក់ចេញវិធានការបញ្ឈប់ជាបន្ទាន់នូវការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត និងធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការផ្លូវច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន ហើយកងរាជអាវុធហត្ថត្រូវចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទា្រនដីព្រៃលិចទឹក និងចាត់វិធានការផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព៍ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃអាទិត្យ ទី៥ ធ្នូនេះ។
ជាមួយគ្នានេះ ប្រតិភូក្រុមការងារអន្តរក្រសួង ក៏បានចេញវិធានការឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំទៅអាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យ បញ្ជាក់លើលិខិតសុំកាន់កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីមុនមក។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ត្រូវបានប្រតិភូក្រុមការងារអន្តរក្រសួង ទុកពេលឱ្យប្រមូលផលស្រូវ រួចស្នើធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
សូមរម្លឹកឡើងវិញថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។
ភ្លាមៗ រដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោក ជា សុផារ៉ា ហើយបានដាក់ចេញវិធានការមួយចំនួន ដោយឱ្យអាជ្ញាធរខេត្ត និងក្រុមការងារចម្រុះ ត្រូវកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការដកហូតដីព្រៃ លិចទឹកដែលរង ការកាប់ ទន្រ្ទានទាំងនោះ យកមករក្សាទុកជារបស់រដ្ឋវិញ៕