ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានបើកការហោះហើរឡើងវិញគោលដៅបាងកក-ភ្នំពេញ ដោយជើងហោះហើរដំបូងមានអ្នកដំណើររាប់រយនាក់ជិះធ្វើដំណើរ។
ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានចាប់ផ្តើមជើងហោះហើរតាមកាលវិភាគរបស់ពួកគេឡើងវិញ រវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកកាលពីថ្ងៃ ០១ ធ្នូ ឆ្នាំ២០២១ ដែលមានអ្នកដំណើរចូលមកចំនួន ១១១នាក់ និង អ្នកដំណើរចេញចំនួន ១១២នាក់។
កាលវិភាគជើងហោះហើររបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសថៃនេះនឹងធ្វើឡើងជារៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ហើយចាប់ពីថ្ងៃទី ១៦ ខែធ្នូ នឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃ។
ដើមខែធ្នូនេះ ក្រុមហ៊ុនអាកាសចរ ៦ បានស្នើសុំភ្ជាប់ជើងហោះហើរឡើងវិញមកប្រទេសកម្ពុជា។ បើតាមប្រភពពីមន្រ្តីអាកាសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ដែលបានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមានក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។
ដោយឡែក ក្រុមហ៊ុន Singapore Airlines បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។
អាកាសចរស៊ីវិលកម្ពុជា ក៏នឹងពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways រួមទាំងក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ដើម្បីរៀបចំជើងហោះហើរឡើងវិញមកប្រទេសកម្ពុជា៕