តបតាមការអញ្ជើញពីប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា នៅថ្ងៃ៧មករា ឆ្នាំក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈលោក វុនណា ម៉ោងលីន រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា បានផ្ញើសារលិខិតអញ្ជើញប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ដើម្បីទៅធ្វើទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខ។ បើតាមជំនួបនៅព្រឹកថ្ងៃអង្គារនេះរវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ជាមួយរដ្ឋមន្រ្តីការបរទេស និងជាបេស​កជនពិសេស វុនណា ម៉ោងលីន ក្នុងដំណើរទស្សនកិច្ចការទូតចំនួនពីរថ្ងៃនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ សម្ដេចនាយករដ្ឋមន្រ្តី និងលោក វុនណា ម៉ោងលីន បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។ បន្ថែមលើនេះ ក៏បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាអោយអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ មានសាមគ្គីភាពល្អឡើងវិញ។

ក្នុងជំនួបដាច់ដោយឡែកមួយ រវាងលោក វុនណា ម៉ោងលីន ជាមួយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ភាគីទាំង​ពីរបានធ្វើកិច្ចសន្ទនាត្រង់ទៅត្រង់មក ដែលជាមូលដ្ឋានគ្រឹះនៃការងារការទូត ហើយនឹងពង្រឹងទំនាក់ទំនងទ្វេភាគី កសាងទំនុកចិត្ត និងការយោគយល់ គ្នាទៅវិញទៅមក ព្រមទាំងជួយយើងត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។

បើតាមលោក ប្រាក់ សខុន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ លោកបានពិភាក្សាការងារមួយចំនួនជាមួយលោក វុនណា និងជម្រាបជូនលោកថាកម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវចំណុចស្នូលនៃមូលបទរបស់អាស៊ាន ស្តីពីការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់មីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា យើងសង្ឃឹមថាទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅមីយ៉ាន់ម៉ានៅខែមករាខាងមុខនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា៕