យោងតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងស្នើសុំថវិកា ៣លានដុល្លារ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចំណាយជូនប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខចាស់ និងគ្មាន QR កូដ ដើម្បីប្ដូរយកស្លាកលេខថ្មី ដែលមាន QR កូដដោយឥតគិតថ្លៃ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ឲ្យដឹងថា ការដូរយកស្លាកលេខថ្មីនេះគឺ ត្រូវធ្វើបច្ចុប្បន្នភាពអាសយដ្ឋានជាថ្មីឡើងវិញ ដើម្បីរៀបចំទិន្នន័យថ្មី ដែលមានទីលំនៅត្រឹមត្រូវ និងឈ្មោះត្រឹមត្រូវ។
គម្រោងនៃការផ្លាស់ប្ដូរស្លាកលេខនេះគឺធ្វើឡើងក្នុងគោលបំណងលុបបំបាត់នូវ ស្លាកលេខ “សេះហោះ ឬ ក្លែងក្លាយ” នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទាំងអស់ចាំបាច់ត្រូវតែប្ដូរយកស្លាកលេខថ្មី ដែលមាន QR កូដ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះគម្រោងស្នើសុំថវិកា និងរៀបចំប្ដូរស្លាកលេខថ្មីនេះ ឯចំពោះលទ្ធផលយ៉ាងណានោះនៅមិនទាន់ទទួលបាននៅឡើយ៕
ប្រភព៖ ក្រសួងព័ត៌មាន