ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មីមួយត្រូវបានរៀបចំត្រៀមរួចជាស្រេចទៅហើយ សម្រាប់យុវជនជំនាន់ក្រោយ។ ក្នុងនោះផងដែរ ក៏មានអ្នករៀនចប់ថ្នាក់បណ្ឌិត រហូតដល់ជិតពាក់កណ្ដាលឯណោះ។ ការថ្លែងដូច្នេះធ្វើឡើងក្នុងពិធីចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
សម្តេច ហ៊ុន សែន បានថ្លែងក្នុងន័យដើមថា៖ «ថ្ងៃទី២៤(ខែធ្នូ)នេះប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេន»។
សម្តេចបន្ថែមថា នៅក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលត្រៀមទុកនោះ គឺមានអាយុក្រោម ៦០ឆ្នាំ ហើយនៅក្នុងសន្និបាតនោះនឹងមានការងារមួយចំនួនដែលគណៈកម្មាធិការកណ្តាលមានការចាំបាច់ដែលត្រូវធ្វើ៕