ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រគល់នូវពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា និងវិញ្ញាបនបត្រ ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ចំនួន ២១ និងពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម និងអនុវត្ត «ស៥» ជោគជ័យដល់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម ចំនួន១១ សរុបទាំងអស់ចំនួន ៣២ ស្ថាប័ន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូម្សិលមិញ។

ការប្រគល់ពានរង្វាន់នេះ ដើម្បីបញ្ជាក់ពីការខិតខំប្រឹងប្រែងលើកកំពស់ផលិតភាព ចូលរួម និងគាំទ្រចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព ហើយជាគំរូដ៏ល្អ ជួយដល់ការផ្សព្វផ្សាយ និងពង្រីកសកម្មភាពក្នុងចលនាការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ផលិតកម្មស្អាត ការគ្រប់គ្រងបរិស្ថាន និងទំនួលខុសត្រូវសង្គម។
ថ្លែងក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកបរិស្ថានបៃតង ធន់នឹងការប្រែប្រួលអាកាសធាតុ សមធម៌ និរន្តរភាព និងចំណេះដឹងខាងបរិស្ថាន អ្នកពាក់ព័ន្ធផ្សេងៗគ្នា រួមមាន ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នអប់រំ អង្គការក្រៅរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់នឹងនៅតែបន្តធ្វើការយ៉ាងស្និទ្ធស្នាលជាមួយគ្នា ដើម្បីឈានទៅរកឧស្សាហកម្មបៃតងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តចំពោះរោងចក្រ សហគ្រាស សិប្បកម្មដែលពុំទាន់ទទួលបានពានរង្វាន់នាឆ្នាំនេះ សូមបន្តខិតខំបន្ថែមទៀត ហើយក្រសួងនឹងនៅតែបន្តជួយគាំទ្រដល់រោងចក្រ សហគ្រាស សិប្បកម្ម នូវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ និងជួយកែលម្អដើម្បីអាចចូលរួមប្រកួតប្រជែង ពានរង្វាន់ឧស្សាហកម្មបៃតងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។
សម្រាប់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២១នេះ គឺជាគម្រោងសហការជាមួយអង្គការ UNIDO ស្តីពី “ការអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន” សម្រាប់លើកទឹកចិត្ត និងទទួលស្គាល់ទៅដល់រោងចក្រ សហគ្រាស សិប្បកម្មដែលបានអនុវត្តសកម្មភាព និងផ្លាស់ប្តូរឥរិយាបទដំណើរធុរកិច្ចរបស់ខ្លួនដោយគិតគូរពីផ្នែក សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងជួយលើកស្ទួយដល់វិស័យឧស្សាហកម្មនៅកម្ពុជាឱ្យអភិវឌ្ឍឈានមុខ និងប្រកបដោយនិរន្តភាព៕
