ការស្ថាបនា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ” មកដល់ពេលនេះសម្រេចបានជាង ២៧ ភាគរយ។ អាកាសយានដ្ឋានដែលប្រើប្រាស់ទុនជាង ១៥០០ លានដុល្លារ ជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិន។
ព្រលានយន្តហោះថ្មីនេះជាប្រភេទ 4F អាចឲ្យយន្តហោះធុនយក្សហោះឆ្លងទ្វីបអាចចុះចតបាន រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បច្ចុប្បន្នក្នុងគម្រោងព្រលានកំពុងមានការសាងសង់សំណងហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖
-ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា,
-មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា,
-ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ,
-ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២,
-ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ,
-សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា។