លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” សម្រាប់និទាឃរដូវឆ្នាំ២០២០ពីរដ្ឋាភិបាលជប៉ុន ជាការទទួលស្គាល់គុណសម្បត្តិក្នុងការសម្រេចបានសមិទ្ធផលដ៏លេចធ្លោ លើការបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។
ឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះក្រោមការដឹកនាំរបស់ឯកឧត្តម លូ គឹមឈន់ បានពង្រឹងមិត្តភាពរវាងជប៉ុននិងកម្ពុជា តាមរយៈការអភិវឌ្ឍ និងការគ្រប់គ្រងកំពង់ផែក្រុងព្រះសីហនុ។ ក្នុងឱកាសនេះ ឯកអគ្គរាជទូតជប៉ុនក៏ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្តម លូ គឹមឈន់ សម្រាប់ការរួមចំណែកដ៏យូរអង្វែងលើការចូលរួមអភិវឌ្ឍកំពង់ផែនៅខេត្តព្រះសីហនុទាំំងពេលបច្ចុប្បន្ន និងតទៅអនាគត។
ឯកឧត្តម លូ គីមឈន់ បានកាន់តំណែងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅឆ្នាំ១៩៩៣។ ក្រោមការដឹកនាំរបស់លោក កំពង់ផែព្រះសីហនុបានអភិវឌ្ឍ ដោយពង្រីកវិសាលភាពដឹកជញ្ជូនទៅកំពង់ផែធំៗតាមប្រទេសនានា។
នៅឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ ដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែ។
ការសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ដោយឡែកជំហានទី៣ គ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការជាក់ស្តែង នៃការកើនឡើងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ៕