ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសរុប ៣៣២,០៥លានដុល្លារ សម្រាប់ជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច –សង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ–១៩។ ពិធីចុះហត្ថលេខាធ្វើឡើងក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងលោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ថវិកានេះ នឹងប្រើប្រាស់សម្រាប់អនុវត្តគម្រោងចំនួន ៤ ដូចជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង សម្រាប់កែលម្អបណ្តាញផ្លូវ និងសម្រាប់អភិវឌ្ឍទីក្រុងគួរឱ្យចង់រស់នៅជាដើម។
ពាក់ព័ន្ធនឹងគម្រោងលើនេះ លោក Anthony Gill និយាយថា ក្នុងនាមជាដៃគូអភិវឌ្ឍយូរអង្វែងរបស់កកម្ពុជា ADB ប្តេជ្ញាគាំទ្រលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ គម្រោងទាំងនេះនឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាតាមរយៈការកែលម្អសេវាថែទាំសុខភាពបរិយាប័ន្នហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងនៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់។
បន្ថែមលើនេះលោកអូនព័ន្ធមុនីរ័ត្នបានលើកឡើងថាកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ៤,៣០ប៊ីលានដុល្លារអាមេរិកដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន៤ដែលបានចុះហត្ថលេខាក្នុងថ្ងៃនេះ។ក្នុងនោះឥណទានមានទឹកប្រាក់សរុបចំនួនប្រមាណ៣,៧៥ប៊ីលានដុល្លារអាមេរិកសម្រាប់អនុវត្តកម្មវិធីនិងគម្រោងចំនួន១២៣និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ៥១៦លានដុល្លារអាមេរិកសម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន៦៤។សកម្មភាពទាំងនេះត្រូវបានលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអះអាងថាបង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរដ្ឋាភិបាលកម្ពុជា។
សម្រាប់លោករដ្ឋមន្រ្តីតាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងទាំងនេះ នឹងតួនាទីដ៏សំខាន់ចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដើម្បីបន្តធានាសម្រេចឲ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែងនិងឆ្ពោះទៅរកវិបុលភាព៕