យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញផលិតផលដែលមានទំហំទឹកប្រាក់ចំនួន ៤,៤២៨ ពាន់លានដុល្លារនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ។ ក្នុងចំណោមទីផ្សារនាំចេញរបស់កម្ពុជា សហរដ្ឋអាមេរិកនាំមុខគេ បន្ទាប់មកគឺ ចិន សហភាពអឺរ៉ុប អាស៊ាន និងជប៉ុន។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំទំនិញដ៏ធំជាងគេបំផុតមួយសម្រាប់កម្ពុជា។ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ មានចំនួនសរុប ៥,៤៩៩៤ ពាន់លានដុល្លារកើនឡើង ២៨,៤៧ ភាគរយធៀបនឹង ៤,២៨០៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះបើយោងតាមការិយាល័យស្ថិតិអាមេរិក។

បើតាមស្ថិតិរបស់ការិយាល័យស្ថិតិអាមេរិកនិងភាគីកម្ពុជា បានបង្ហាញថា កាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ មានតម្លៃ ៦ ៩២១,៣ លានដុល្លារ ឡើង ១៧,៨៩ ភាគរយធៀបនឹងឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ៦ ៥៧៧,៧ លានដុល្លារ កើន ២២,៧៩ ភាគរយ ចំណែកការនាំពីអាមេរិកមកកម្ពុជាមានតម្លៃ ៣៤៣,៦ លានដុល្លារ ធ្លាក់ ៣៣,១៥ ភាគរយពីចំនួន ៥១៤ លានដុល្លារ។ ក្នុងចំណោមនេះគឺទំនិញក្នុងទំហំទឹកប្រាក់ប្រមាណ ១.០០០លានដុល្លារ បានរួចពន្ធក្រោមកម្មវិធីពន្ធអនុគ្រោះ GSP ដែលមានផលិតផលបម្រើដល់ការធ្វើដំណើរដែលមានដូចជាកាបូបនិងវ៉ាលីស។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានលើកឡើងថា «បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មនៅតែរក្សាបានល្អដដែល។ សហរដ្ឋអាមេរិកចាត់ទុកកម្ពុជាជាប្រភពមួយរបស់ខ្លួនសម្រាប់ការនាំចូល ហើយក្រុមហ៊ុនអាមេរិកជាច្រើនបានបង្កើនការបញ្ជាទិញពីប្រទេសកម្ពុជា»។

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់កម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈមក្នុងរយៈពេល០២ឆ្នាំកន្លងមក ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជា បានកើនឡើងប្រាំបីដង ពី ៨៥០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន កើនដល់ ៦.៩ពាន់លាន ដុល្លារអាមេរិក កាលពីឆ្នាំ២០២០។
សូមរម្លឹកថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(Generalized System of Preferences -GSP) បានផុតរលត់សុពលភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេស និងដែនដី១១៩ទៀត។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានលើកឡើងថាការប៉ះពាល់ដោយផ្ទាល់ ពីការផុតសុពលភាព GSP គឺកើតទៅលើអ្នកនាំចូលទំនិញទៅសហរដ្ឋអាមេរិក ដែលត្រូវបង់ពន្ធនាំចូលសិននៅក្នុងពេលអន្តរកាល ពោលគឺ នៅមុនពេលកម្មវិធីនេះ ត្រូវសភាអាមេរិកផ្តល់សុពលភាពជាថ្មីឡើងវិញ។
ប្រព័ន្ធ GSP របស់សហរដ្ឋអាមេរិកអនុញ្ញាតឲ្យប្រទេសដែលទទួលបានអាចនាំទំនិញចំនួន៥.០០០មុខចូលដោយមិនបង់ពន្ធឬបង់ពន្ធតិចតួចបំផុត។ អាមេរិកប្រើប្រព័ន្ធនេះដើម្បីជួយប្រទេសនានាអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់សិទ្ធិមនុស្សសិទ្ធិការងារនិងនីតិរដ្ឋ។ ពេលនេះកម្ពុជាកំពុងស្វះស្វែងរកការបន្តប្រព័ន្ធអនុគ្រោះពន្ធពីសហរដ្ឋអាមេរិកទៅមុខទៀតជាពិសេសស្វែងរកការគាំទ្រពីសភាសហរដ្ឋអាមេរិកក្នុងពេលកម្ពុជាប្រឈមនឹងការរិះគន់ពីសហរដ្ឋអាមេរិក។

ប្រទេសកម្ពុជា ភាគច្រើននាំផលិតផលសម្លៀកបំពាក់និងសម្ភារ:ផ្សេងៗផលិតដោយកម្មកររោងចក្រយ៉ាងតិច៨០ម៉ឺននាក់នោះត្រូវការទីផ្សារសហរដ្ឋអាមេរិកដែលមិនយកពន្ធលើមុខទំនិញកម្ពុជា ជាពិសេសចំពោះវិស័យកាត់ដេរដែលជាវិស័យសំខាន់មួយក្នុងចំណោម ៤ទ្រទ្រង់សេដ្ឋកិច្ចប្រទេសក្រៅពីវិស័យសំណង់ ទេសចរណ៍និងកសិកម្ម៕