«ការបង្កើនចំណេះពិតជាមានសារសំខាន់ តែការចេះប្រើប្រាស់ចំណេះអោយត្រូវបរិបទ ស្របតាមស្ថានការណ៍ និងកាលៈទេសៈ គឺរឹតតែសំខាន់ជាងនេះទៅទៀត»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពីការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «យុវជន និងការចាប់ផ្តើមអាជីវកម្មលើកដំបូង» នៅព្រឹកថ្ងៃអាទិត្យ ទី១២ ធ្នូនេះ។
លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ទៅលើសិស្សានុសិស្ស និងនិស្សិតឱ្យយល់ពីតម្លៃ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ចំណេះវិជ្ជារបស់ខ្លួន និងការងារស្ម័គ្រចិត្ត។
លោកបានអះអាងថា ចេញពីចំណេះដឹងដែលទទួលបានពីការសិក្សា រៀនសូត្រនៅសាលា ការព្យាយាមសង្កេត រៀនសូត្រពីភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំនានាជុំវិញខ្លួន និងការចូលរួមក្នុងការងារស្ម័គ្រចិត្តគឺជាគុណវុឌ្ឍបន្ថែមពីលើការសិក្សានៅក្នុងសាលារៀន ព្រោះ តាមរយៈកិច្ចការស្ម័គ្រចិត្តក្តី ឬការងារជាក្រុមក្តី សុទ្ធតែអនុញាតិឲ្យយើងអាចសាកល្បងសមត្ថភាពនៃភាពជាអ្នកដឹកនាំ ជាពិសេសការសម្របសម្រួល និងការសម្រេចចិត្តមួយចេញពីមតិយោបល់ចម្រុះផ្សេងៗគ្នា ទាំងការដឹកនាំអាជីវកម្ម ឬដឹកនាំអង្គភាពផ្សេងៗ។
សិក្ខាសាលានេះ រៀបចំឡើងដោយ នាយកដ្ឋានហិរញ្ញវត្ថុផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ស្តីពីការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «យុវជន និងការចាប់ផ្តើមអាជីវកម្មលើកដំបូង» និងមានការចូលរួមពីសំណាក់វាគ្មិនសំខាន់ៗដើម្បីមកចែករំលែកបទពិសោធន៍នៃការអនុវត្តផ្ទាល់ជូនប្អូនៗ និងសាធារណជន។
សិក្ខាសាលាជាស៊េរីវគ្គទី២ តាមប្រព័ន្ធអនឡាញនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទីកចិត្តយុវជន សិស្ស និស្សិត និងសាធារណៈជនឱ្យហ៊ានចាប់ផ្តើមអាជីវកម្ម,
ចេះរៀបចំផែនការអាជីវកម្មឱ្យបានច្បាស់លាស់,ចេះកំណត់ និងអភិវឌ្ឍន៍គោលដៅទីផ្សារ,ការគ្រប់គ្រងហិរញ្ញវត្ថុ, ការកសាងកេរ្តិ៍ឈ្មោះ តាមរយៈគុណភាពផលិតផល សេវាកម្ម តម្លៃ និងការផ្សព្វផ្សាយ, ការស្វែងរកប្រភពហិរញ្ញវត្ថុសម្រាប់ដំណើរការ និងពង្រីកអាជីវកម្ម និងការគ្រប់គ្រងហានិភ័យ និងការប្រកួតប្រជែង៕