ប្រជាពលរដ្ឋ មកពីគ្រប់ទិសទីបានសម្រុកមកធ្វើត្រីប្រហុក ផ្អក នៅតាមគន្លងដាយនានា តាមដងទន្លេសាប បន្ទាប់ពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងថាចាប់ពីថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ជាពេលវេលាដែលអាចនេសាទត្រីបានច្រើន ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

អ្នកធ្វើប្រហុក ផ្អក នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្ត ឃុំកំពង់ហ្លួង ខេត្តកណ្តាល បានឱ្យដឹងថា តម្លៃត្រីប្រហុកឆ្នាំនេះ មានតម្លៃថោកជាងឆ្នាំមុន ពោលគឺត្រីសម្រាប់ធ្វើប្រហុកមួយគីឡូក្រាម តម្លៃចន្លោះពី២០០០រៀល ទៅ២៥០០រៀល ខណៈកាលពីឆ្នាំមុន តម្លៃត្រីមានចន្លោះពី៣០០០រៀលទៅ៥០០០រៀល។

បើតាមរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីតាមដានកំពស់ទឹកដែលហូរចេញពីបឹងទន្លេសាប គឺពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើន នៅក្នុងខែមិគសិរនេះ ពោលគិតចាប់ពីថ្ងៃ៨កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

ក្នុងអំឡុងពេលនេះ រដ្ឋបាលជលផល បានអញ្ជើញប្រជាពលរដ្ឋដែលមានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមអញ្ជើញមកទិញត្រីឱ្យ បានរួសរាន់ តាមពេលវេលា។

ទន្ទឹមគ្នានេះ រដ្ឋបាលជលផល ក៏សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ បង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយ រលូនតាមការគួរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារមេរោគកូវីដ-១៩៕
