ត្រឹមរយៈពេល ១១ខែ រដ្ឋប្រមូលពន្ធសម្រាប់ថវិកាជាតិបានជាង ២ពាន់លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានចំនួន ២ ៥៦០.១២លានដុល្លារអាមេរិក ស្មើនឹង១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ សម្រាប់រយៈពេល ១១ខែនៃឆ្នាំ២០២១។ បើតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅរសៀលថ្ងៃចន្ទ ទី១៣ ធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 7 people, people standing, office and indoor

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៩០.២៩ ប៊ីលានរៀល (ប្រមាណជា ២៤៤.៥២ លានដុល្លារអាមេរិក) ស្មើនឹង ១០.៩០% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៤៩.៣១ ប៊ីលានរៀល (ប្រមាណជា ១២.១៧ លានដុល្លារអាមេរិក) ស្មើនឹង ៥.,២៤%។

បើតាមលោក គង់ វិបុល សរុបរយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០ ៣៦៨.៥០ ប៊ីលានរៀល (ប្រមាណជា ២ ៥៦០.១២ លានដុល្លារអាមេរិក) ស្មើនឹង ១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

លោកបានអះអាងថា កត្តាដែលធ្វើឱ្យលទ្ធផលប្រមូលចំណូលពន្ធកើនឡើងក្នុងខែវិច្ឆិកា និងឈានទៅសម្រេចលើសផែនការឆ្នាំ២០២១ រហូតដល់១៤.១៣% ក្នុងរយៈពេលត្រឹមតែ ១១ខែ ឆ្នាំ២០២១ គឺអនុលោមតាមរយៈចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ប្រកបដោយស្មារតីបុរេសកម្មនិងទាន់ពេលវេលា ដែលអាចកសាងភាពធន់របស់សហគមន៍ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ។ ការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ជម្រើសបង់ពន្ធតាមតាមរយៈធនាគារពាណិជ្ជជាដៃគូដែលគិតមកដល់បច្ចុប្បន្នមាន ០៨ ក្នុងនោះមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា ធនាគារ ABA ធនាគារវឌ្ឍនៈ ធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

បន្ថែមលើនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានចុះអង្កេតសហគ្រាសតាមដងផ្លូវបានផ្តល់នូវមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ ក្នុងការអនុវត្តការគ្រប់គ្រងការចុះបញ្ជីពន្ធដារសហគ្រាស ហើយនឹងបានពង្រឹងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យា និងបន្តពង្រឹងការធ្វើបច្ចុប្បន្នភាពសហគ្រាស ស្របតាមខ្លឹមសារប្រកាសលេខ ៧០១ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ដែលបានផ្តល់លទ្ធភាពក្នុងការទប់ស្កាត់ការគេចវេះពន្ធគ្រប់រូបភាពបានទាន់ពេលវេលា៕