ក្រោយផ្អាកដោយសារកូវីដមួយរយៈ ហាងលក់ទំនិញតូចធំដែលមានទីតាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញចាប់ផ្តើមបើកដំណើរការឡើងវិញ ស្របពេលស្ថានភាពលំហូរការធ្វើដំណើរមានសកម្មភាពបណ្តើរៗវិញ។
តួយ៉ាង ហាង Dairy Queen (DQ) នៅសាលមកដល់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបើកឡើងវិញកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ DQ ជាភោជនីយដ្ឋានលំដាប់អន្តរជាតិដែលបានបោះជំហានចូលប្រទេសកម្ពុជានៅឆ្នាំ២០០២។ ភោជនីយដ្ឋាននេះបានបម្រើអាហារឆ្ងាញ់ៗដល់អតិថិជនតាំងពីឆ្នាំ១៩៤០ មកម៉្លេះ។



ដោយឡែក ហាង Circle K ជាហាងលក់ផលិតផលជាច្រើនប្រភេទ ក៏បានចាប់ផ្តើមដំណើរការនៅសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងឱកាសនៃការបើកដំណើរការឡើងវិញ ហាង Circle K បានប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសរាល់អ្នកដំណើរទាំងអស់ដែលចូលជាវទំនិញនៅក្នុងហាង។
មន្រ្តីព្រលានយន្តហោះភ្នំពេញបានបញ្ជាក់ថា ហាងនិងភោជនីយដ្ឋានផ្សេងទៀតនៅក្នុងអាកាសយានដ្ឋាននឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១តទៅ បន្ទាប់ពីអត្រាឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះជាបន្តបន្ទាប់។
នៅក្នុងខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ក្នុងនោះចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងចំនួន២ ស្នើសុំបន្ថែមជើងហោះហើរ ដែលធ្វើឲ្យកំណើនជើងហោះហើរ មានរហូត៤៣ជើងក្នុង១សប្តាហ៍ ចាប់ពីខែធ្នូតទៅ៕