ច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលអ្នកទេសចរចម្រុះជាតិសាសន៍ជិត ៧០ នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង។
អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ បានមកដល់ទឹកដីនៃខេត្តសៀមរាបតាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាបតាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។
នេះជាលើកដំបូង ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានទទួលការចុះចតនិងទទួលភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។
ក្នុងឱកាសទទួលស្វាគមន៍ការមកដល់អ្នកទេសចរចម្រុះជាតិសាសន៍នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានហៅការមកដល់របស់អ្នកទេសចរអន្តរជាតិនេះ ជាសញ្ញាល្អមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប ។



យោងតាមឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឱ្យដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ពោលគឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ ធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និង ក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង៕



