សណ្ឋាគារ និងផ្ទះសំណាក់ជិត ៣ម៉ឺនបន្ទប់នៅសៀមរាបបានបើកដំណើរការ ស្របពេលទីក្រុងទេសចរដ៏ធំបានភ្ជាប់ជើងហោះហើរ ឡើងវិញ ដែលនឹងនាំកំណើនការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ។
យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប គិតត្រឹមសប្ដាហ៍កន្លងទៅនេះមានសណ្ឋាគារនៅខេត្តសៀមរាបបានបើកដំណើរការឡើងវិញ ចំនួន៣១សណ្ឋាគារ មានបន្ទប់ចំនួន១,៤៥១បន្ទប់ ស្មើនឹង១៣.៤៧ភាគរយ។ ចំណែកផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ មានចំនួន៧៥ផ្ទះសំណាក់ មានបន្ទប់ចំនួន១,៥១១បន្ទប់ ស្មើនឹង២៨.៧៣ភាគរយ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។
ទាក់ទងទៅនឹងការបើកដំណើរការសណ្ឋាគារ និងផ្ទះសំណាក់ឡើងវិញនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបង្ហាញការសាទរ និងក្ដីរំពឹងខ្ពស់ថា អនាគតរបស់វិស័យទេសចរណ៍នឹងរកឃើញភាពល្អប្រសើររបស់ខ្លួនបានឆាប់ៗឡើងវិញហើយ។
តាមរយៈការប្រកាសបើកទេសចរណ៍ឡើងវិញរបស់រាជរដ្ឋាភិបាល ក៏ដូចជាការទម្លាក់ចោលនូវការធ្វើចត្តាឡីស័កនេះ បានធ្វើឲ្យសេវាករមានទឹកចិត្ត និងស្មារតីល្អក្នុងការងើបបើកទ្វារទទួលភ្ញៀវឡើងវិញ។ ទោះជាយ៉ាងណា លោកជំទាវបានរំលឹកផងដែរថា ការបើកឡើងវិញនេះនៅមិនទាន់អាចប៉ះប៉ូវនូវការខូចខាតក្នុងរយៈពេលជិត២ឆ្នាំមកនេះនៅឡើយទេ ដោយហេតុថាមានប្រទេសមួយចំនួននៅមិនទាន់បើកសេដ្ឋកិច្ចប្រទេសខ្លួននៅឡើយ។ វិស័យនេះនឹងទាមទារពេលវេលាមួយរយៈទៀតទើបអាចវិលត្រឡប់ទៅរកសភាពដើមវិញ គឺទម្រាំប្រទេសផ្សេងៗ ជាពិសេសប្រទេសក្នុងតំបន់អាស៊ានមានការបន្ធូរបន្ធយលើការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនពួកគេ។ លោកជំទាវបន្តរំលឹកផងដែរថា នឹងមានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្គាពួរ អ៊ែឡាញ និងថៃអ៊ែឡាញ ដឹកភ្ញៀវទេចរដោយផ្ទាល់ចូលមកខេត្តសៀមរាប។ ហេតុនេះ កម្ពុជាសង្ឃឹមថា ភ្ញៀវទាំងនោះនឹងទៅជួយដល់អាជីវកម្មទេសចរណ៍ ព្រមទាំងអាចស្ដារឡើងវិញបន្តិចម្ដងៗនូវវិស័យទាំងនេះ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ២០២០កន្លងទៅ នៅទូទាំងប្រទេសមានសណ្ឋាគារចំនួន ២៥៩ ទីតាំងស្មើនឹង ១៤ ៤៥៣ បន្ទប់ និងផ្ទះសំណាក់ចំនួន ២៩៤ ទីតាំងស្មើនឹង ៣១៧១ បន្ទប់ បានបិទទ្វារជាបន្តបន្ទាប់។ ដោយឡែកវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេដែលក្នុងនោះវិស័យសណ្ឋាគារនិងផ្ទះសំណាក់បានបិទដំណើរការពី៨០ភាគរយទៅដល់ ៩០ភាគរយ៕