លោក ប៉ាន់ សូរស័ក្តិ បង្ហាញក្តីសង្ឃឹមថ្មីលើសេចក្ដីព្រាងច្បាប់សំខាន់ៗចំនួន៣ នឹងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តរួចរាល់ហើយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 13 people, people standing and indoor



ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូននិងមានតម្លាភាព មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ចជាសាកល។ នេះបើតាមការលើកឡើងរបស់លោក ប៉ាន់ សូរស័ក្ត្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន់ សូរស័ក្តិ ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកបន្ថែមថា កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានបង្ហាញក្តីរំពឹងដែរថា សេចក្តីព្រាងច្បាប់សំខាន់ៗទាំងបីនេះ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ បង្កើនកំណើនសេដ្ឋកិច្ច និងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល៕